ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យ៖ ការឃាត់ខ្លួនលោក មី សេងហ៊ គឺជាការអនុវត្តតាមវិធានការច្បាប់ ដោយពុំមានការគម្រាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ

30

 

ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) គឺជាការអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាប អំពីករណីឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នជា អនុប្រធានបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម ដូចតទៅ៖នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួល ពាក្យបណ្តឹងពីឈ្មោះ ម៉ៃ ហុងសៀង ប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kea Visal មានឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ភេទ ប្រុស មុខរបរ អនុប្រធានបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម អាសយដ្ឋានបច្ចុប្បន្ននៅផ្លូវបេតុង ភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រោយទទួល ពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងព័ត៌មានជាក់លាក់ ពីបទ ញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ និងបានរាយការណ៍ សុំគោលការណ៍ពីអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

ដោយទទួលបានការអនុញ្ញាតពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ ១៧៥ អ.យ.ន ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធ សំណុំរឿងញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ ហើយសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ភេទប្រុស ជនជាតិខ្មែរ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ច អនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជន គណបក្សនយោបាយណាមួយឡើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការ ចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលបានចុះផ្សាយ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួនចេញដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅ ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៤
បានឃើញ របាយការណ៍សំយោគលេខ ០៦៣/២៤ រ.ប.ក ចុះថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

បង្គាប់មកកម្លាំងមានសមត្ថកិច្ចឱ្យ ៖ នាំខ្លួនបុគ្គលឈ្មោះ មី សេងហ៊ ហៅ គា វិសាល ហៅ សេង ម៉េងហួរ ភេទ ប្រុស កើតថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៩៦៥ ជនជាតិ ខ្មែរ កើតនៅសង្កាត់លេខ៧ ក្រុងភ្នំពេញ សាសនា ព្រះពុទ្ធ អាសយដ្ឋានបច្ចុប្បន្ននៅភូមិ កោះប៉ែន ឃុំ កោះមិត្ត ក្រុង កំពង់សៀម ខេត្តកំពង់ចាម មុខរបរ អនុប្រធានក្រុមការងារបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ប្រចាំខេត្តកំពង់ចាម ជា-នីតិជន។

មកបង្ហាញខ្លួននៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ ដើម្បីសាកសួរពីដំណើររឿង ញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ។

លោកសេងហៀង ព្រះរាជអាជ្ញារងបានបញ្ជាក់ថា ដីការនេះអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ ១ ប្រើប្រាស់កម្លាំង សាធារណៈដើម្បីបង្ខំបុគ្គលនោះឱ្យចូលបង្ហាញខ្លួនភ្លាម។ ២ អំណាចរបស់ព្រះរាជអាជ្ញា ។ ៣ ករណីស៊ើបអង្កេតជាក់ស្តែង ។ ៤ ករណីស៊ើបអង្កេតបឋម៕

អត្ថបទដែលជាប់ទាក់ទង