ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ប្រកាសដាក់ឱ្យដំណើរការសាកល្បង “ប្រព័ន្ធគ្រប់គ្រងព័ត៌មាន សកម្មភាពមីនកម្ពុជា” មុនកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន

27

ភ្នំពេញ ៖អាជ្ញាធរមីន បានប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសកម្មភាពមីននៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមដ៏ទំនើប និងត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួល ប្រសិទ្ធផល និងប្រសិទ្ធភាពនៃប្រតិបត្តិការសកម្មភាពមីននៅទូទាំងប្រទេស ។ ប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ របស់អាជ្ញាធរមីននេះ បានប្រកាសសាកល្បង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ ផ្ដោតលើការគ្រប់គ្រងព័ត៌មានប្រតិបត្តិការទីវាល ហើយមានបំពាក់មុខងារថ្មីៗ ជួយគាំទ្របន្ថែមដល់ប្រព័ន្ធ IMSMA CORE ដែលកំពុងដំណើរការពេលបច្ចុប្បន្ន ក្នុងការគ្រប់គ្រងទិន្នន័យ និងប្រសិទ្ធភាពប្រតិបត្តិការ សម្រួលការបោសសម្អាតមីន ជំនួយជនរងគ្រោះ និងដំណើរការរំដោះផ្ទៃដី។ ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាននូវអនាគតមួយដែលគ្មានមីនសម្រាប់ប្រទេសកម្ពុជា ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញពីការ រំពឹងទុករបស់កម្ពុជាលើការវិវត្តផ្នែកបច្ចេកវិទ្យាយ៉ាងសំខាន់សម្រាប់បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា មុននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការចូលរួមពីប្រទេសចំនួន ១៦៤ និងអង្គការ-ស្ថាប័នសំខាន់ៗជុំវិញពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា «នៅពេលយើងឈរនៅកម្រិតនៃយុគសម័យថ្មីក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសកម្ពុជាគ្មានមីន យើងត្រូវដឹងគុណ និងថ្លែងអំណរគុណចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តឥតងាករេរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា គឺជានិមិត្តរូបនៃបដិវត្តន៍បច្ចេកវិទ្យា ហើយវាមិនមែនគ្រាន់តែជាកម្មវិធីមួយ ឬឧបករណ៍មួយប៉ុណ្ណោះទេ វាគឺជាសក្ខីភាពនៃបេសកកម្មរួមរបស់យើងក្នុងការធ្វើឱ្យប្រទេសកម្ពុជាគ្មានមីន ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសកម្មភាពមីន និងការរៀបចំផែនការយុទ្ធសាស្ត្រនានា។

ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា មុនឈានឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ កម្ពុជាកំពុងនាំមុខគេក្នុងការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសកម្មភាពមីន ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេ និងម៉ឺនម៉ាត់របស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេស ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទូទាំងពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន បន្តទៀតថា ភាពជាអ្នកដឹកនាំរបស់កម្ពុជា បានបំផុសគំនិតគំរូថ្មីដើម្បីបញ្ចូលភាពជឿនលឿនផ្នែកបច្ចេកវិទ្យានៅក្នុងសកម្មភាពមីន ជំរុញសហគមន៍ពិភពលោកឆ្ពោះទៅរកដំណោះស្រាយមនុស្សធម៌ប្រកបដោយភាពច្នៃប្រឌិត ផ្តល់ព័ត៌មាន និងផលប៉ះពាល់បន្ថែមទៀត ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង