ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការរងក្រុងប៉ោយប៉ែតម្នាក់ ករណីស៉ីដាច់លុយរត់ការចូលក្របខ័ណ្ឌ ត្រូវស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវ ខណៈសាមីខ្លួន ត្រូវបានថ្នាក់លើកោះហៅ២ដង តែមិនចូលខ្លួន

94

 

ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត ដែលត្រូវបានគេចោទប្រកាន់ថា ពាក់ព័ន្ធករណីស៉ីដាច់លុយរត់ការចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងធ្វើការស្រាវជ្រាវ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២៤ បានគូសបញ្ជាក់ថា លោកវរសេនីយ៍ទោ សន ធឿន ធ្លាប់ត្រូវបានថ្នាក់ដឹកនាំគណៈស្នងការ កោះអញ្ជើញឲ្យចូលបំភ្លឺចំនួន២លើករួចមកហើយ ពាក់ព័ន្ធភាពអសកម្ម ការងារដោយមិនដឹងមូលហេតុ ប៉ុន្ដែសាមីខ្លួនមិនសហការចូលមកបំភ្លឺនោះឡើយ។ ឆ្លើយតបការលើកឡើងនៅតាមបណ្ដាញសង្គម ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការតាមនីតិវិធី។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណៈជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា ៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ បណ្តាញសង្គមហ្វេសប៊ុក បានសរសេរបង្ហោះថា ជំរាបសួរលោកវរសេនីយ៍ទោ សន ធឿនអធិការរងក្រុងប៉ោយប៉ែត តើលោកសុខសប្បាយជាទេ? ប្រជាពលរដ្ឋរងគ្រោះផ្តល់ព័ត៌មានមកថា លោកវរសេនីយ៍ទោ យកលុយគាត់ ១៨០០០ដុល្លារ ដោយសន្យាថារត់ការយកកូនគាត់ចូល បំរើក្របខណ្ឌនគរបាលជាតិ។ ឥលូវរត់ការមិនបានមិនឲ្យលុយគាត់វិញ ហើយដេញគាត់ឲ្យ ទៅប្តឹងដល់ណាប្តឹងទៅ? ខ្ញុំបាទទទួលព័ត៌មាននេះ និងបានបញ្ជូនបន្តទៅលោកស្នងការខេត្តបន្ទាយមានជ័យ សំណូមពរអោយជួយពិនិត្យ មើលករណីនេះ ហើយបើ លោកអធិការរងក្រុងប៉ោយប៉ែត យកលុយជនរងគ្រោះមែន សូមប្រគល់ជូនគាត់វិញ” ។

ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺ និងជម្រាបជូនដល់សាធារណៈជនជ្រាបថា ៖ លោក វរសេនីយ៍ទោ សន ធឿន ពិតជាមានតួនាទីជា អធិការរង នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ពិតប្រាកដមែន។ ស្នងការបានទទួលរបាយការណ៍ស្តីអំពី ភាពអសកម្មការងារ ដោយមិនដឹងមូលហេតុ របស់លោក វរសេនីយ៍ទោ សន ធឿន និងបានធ្វើលិខិតអញ្ជើញលោកឲ្យមកបំភ្លឺចំនួន ២លើក ប៉ុន្តែសាមីខ្លួនមិនបានមកបំភ្លឺតាមការអញ្ជើញរបស់ស្នងការនគរបាលខេត្តឡើយ។

អនុវត្តតាមបទវិន័យនគរបាលជាតិកម្ពុជា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កន្លងមក បានធ្វើការរៀបចំប្រជុំ ក្រុមប្រឹក្សាវិន័យរួចហើយ ពីភាពអសកម្ម ក្នុងការបំពេញការងារ របស់ លោកវរសេនីយ៍ទោ សន ធឿន ។ ចំពោះខ្លឹមសារហ្វេសប៊ុក ដែលបានចុះផ្សាយ ស្នងការនគរបាលខេត្តនឹងស្រាវជ្រាវឲ្យបាន គ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការ តាមនីតិវិធី។

អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង សុវត្តិភាពសង្គម ៕

អត្ថបទដែលជាប់ទាក់ទង