ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងការងារ ៖ វគ្គបណ្តុះបណ្តាលនេះ ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីច្បាប់ និងអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គម

60

 

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និង ជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់សមាជិកអ្នកសារព័ត៌មានជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីច្បាប់ និងអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គម ព្រមទាំងជា មូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ។

ឯកឧត្តមបណ្ឌិត ហេង សូផាត់ណារិទ្ធ បានថ្លែងបន្តទៀតថា ការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ត្រូវបានលេចជារូបរាងដំបូងនាទសវត្សរ៍ ឆ្នាំ១៩៤០ ក្នុងទម្រង់ ជាប្រព័ន្ធតាវកាលិកគ្រួសារ ដែលហៅថា “ហឹបប្រាក់អន្តរវិជ្ជាជីវៈ”។ ប៉ុន្តែគួរឱ្យសោកស្តាយក្នុងអំឡុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត របបសន្តិសុខសង្គមត្រូវបានបំផ្លាញចោលទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធសន្តិសុខសង្គមត្រូវបានស្ដារឡើងវិញជាជំហានៗ ដោយផ្តើមពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនរបស់ មន្ត្រីសាធារណៈ និងផ្នែកប្រាក់ប៉ះពាល់សុខភាពកម្មករនិយោជិតដែលធ្វើការនៅតាមរោងចក្រ សហគ្រាសរដ្ឋ ដែលអនុវត្តដោយនាយកដ្ឋានបៀវត្សពលកម្មនៃក្រសួងផែនការ។ ឆ្នាំ២០០២ ច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវបានដាក់ឱ្យអនុវត្ត ហើយបេឡាជាតិ សន្តិសុខសង្គម ត្រូវបានបង្កើតនៅឆ្នាំ២០០៧។ នៅឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីត្រូវបានរៀបចំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តសេដ្ឋកិច្ចនិងសង្គម ដែលផ្តល់អាណត្តិឱ្យបេឡាជាតិសន្តិសុខសង្គមក្នុងការអភិវឌ្ឍ និងអនុវត្តរបបសន្តិសុខសង្គមពេញលេញនៅកម្ពុជា រួមមាន (១) ផ្នែកហានិភ័យការងារ (២) ផ្នែកថែទាំសុខភាព, (៣) ផ្នែកប្រាក់សោធន និង (៤) ផ្នែកនិកម្មភាព។

ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា ផ្នែកហានិភ័យការងារ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់វិស័យឯកជននៅក្នុងឆ្នាំ២០០៨ ដោយនិយោជក ជាអ្នកទទួលរ៉ាប់រងបន្ទុក១០០% គឺត្រូវបង់ចំនួន០,៨% នៃប្រាក់បៀវត្សដែលជាប់កាតព្វកិច្ច និង បានពង្រីកដល់វិស័យសាធារណៈនៅក្នុងឆ្នាំ២០២១។
ផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជនត្រូវបានដាក់ឱ្យអនុវត្តនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដោយ និយោជិតមានកាតព្វកិច្ចក្នុងការបង់ភាគទាន ២% ហើយនិយោជកត្រូវបង់ ២% ដែលសរុបស្មើ ៤% សម្រាប់ការចាប់ផ្តើមអនុវត្តដំបូងចន្លោះឆ្នាំ២០២២ ដល់ ២០២៧។
ផ្នែកនិកម្មភាព នៅមិនទាន់អនុវត្តដោយស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។

ដោយឡែកផ្នែកថែទាំសុខភាព បានដាក់ឱ្យអនុវត្តសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ ដោយនៅពេលនោះ និយោជកបង់ភាគទាន ១,៣% បងប្អូនកម្មករនិយោជិតបង់១,៣%។ ចាប់ពីខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចឱ្យនិយោជកជាអ្នកបង់ជំនួសបងប្អូនកម្មករនិយោជិត ១០០% គឺភាគទាន ២,៦% ដើម្បីសម្រួលដល់បន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត ដែលធ្វើឱ្យបងប្អូន សន្សំថវិកាបានប្រមាណ ៦-៨ដុល្លារ ក្នុង ១ខែ។ បន្ទាប់មក ផ្នែកថែទាំសុខភាពនេះក៏ត្រូវបានពង្រីកដល់ មន្ត្រីរាជការសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នៅឆ្នាំ២០១៨។

បន្ថែមពីលើនេះ ការដាក់ឱ្យដំណើរការកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើន ក៏ដូចជាក្ដីប្រាថ្នារបស់បងប្អូនកម្មករនិយោជិតភាគច្រើន និងបងប្អូនមន្ត្រីរាជការរបស់យើងផងដែរ ដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។ ប.ស.ស.
បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជនយើង ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹង ស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។

តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល ហើយសម្រាប់មន្ត្រីរាជការ ការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុកគឺជាបន្ទុករបស់រដ្ឋ ដែលអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅ គ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទាន បាន ៩ខែ ក្នុងអំឡុង ១២ខែចុងក្រោយ នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា សមិទ្ធិផលដ៏ថ្លៃថ្លា និងគួរជាទីមោទនៈមួយនេះគឺកើតមានឡើងដោយសារមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានខិតខំកសាង ការពារ និងរក្សាជូនជាតិ និងមាតុភូមិ កម្ពុជានាពេលកន្លងទៅ និងកើតឡើងដោយសារការតាំងចិត្តដ៏មោះមុតក្នុងការការពារសមិទ្ធផលចាស់ និង បង្កើតសមិទ្ធផលនិងមរតកថ្មីជូនជាតិរបស់ សម្តេចធិបតី។

វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ នឹងជជែកពិភាក្សា ផ្តល់មតិយោបល់ និងអនុសាសន៍ លើប្រធានបទ សំខាន់ៗដូចខាងក្រោម៖
១). ពង្រឹងចំណេះដឹង និងពុទ្ធិ ទៅសមាជិកជាអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាននានានៅកម្ពុជា ដើម្បីជួយពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបទៅនឹងយេនឌ័រ និងជាសកលនៅក្នុង ប្រទេសកម្ពុជា។
២). សិក្សាស្វែងយល់ពីការយល់ឃើញ បញ្ហាប្រឈម និងសំណើនានារបស់ថ្នាក់ដឹកនាំមូលដ្ឋាន និង តំណាងកម្មករនិយោជិត ស្តីពីសេវា និងអត្ថប្រយោជន៍របស់របបសន្តិសុខសង្គម។
៣).ជួយពង្រឹងយន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា តាមរយៈការបង្កើន ការចុះផ្សាយនានា ស្តីពីរបបសន្តិសុខសង្គមនៅកម្ពុជា។

៤).ពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាគោលនយោបាយ រវាងនិយតករ និងប្រតិបត្តិករ នៃរបបសន្តិសុខ សង្គម ជាមួយតំណាងអង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ដើម្បីឆ្លើយតប កង្វល់ និងសំណើនានា។
៥).ជាពិសេស ការប្រកាសជាផ្លូវការនូវ “កម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ដែលជាព័ត៌មានដ៏ពិសេសមួយ សម្រាប់ បងប្អូនជាអ្នកសារព័ត៌មាន វិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា។

តាមរយៈវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ឯកឧត្តមបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកា ជាអ្នកសារព័ត៌មានជាតិទាំងអស់ប្រាកដជាទទួលបាននូវចំណេះដឹងបច្ចេកទេសនានា និងបទពិសោធន៍ថ្មីៗ ធាតុចូលសំខាន់ៗ និងការដកស្រង់បាននូវមេរៀនល្អៗ ដើម្បីជាគន្លឹះ និងយុទ្ធសាស្ត្រឆ្ពោះទៅរកការប្រតិបត្តិការងារដោយជោគជ័យ តាមរយៈការបង្កើនប្រសិទ្ធភាព និងការពង្រឹងយន្តការ តម្លាភាព បរិយាបន្ន និង អភិបាលកិច្ចល្អ សម្រាប់អាជីពការងារជាអ្នកសារព័ត៌មានរបស់ខ្លួននៅក្នុងការ លើកកម្ពស់ប្រព័ន្ធគាំពារសង្គម ជាពិសេសរបបសន្តិសុខសង្គមផ្ទាល់តែម្តង ជូនទៅដល់ប្រជាពលរដ្ឋកម្ពុជា ទាំងមូលឲ្យមានចំណេះដឹង ទូលំទូលាយ និងយល់ដឹងច្បាស់សម្រាប់ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងប្រព័ន្ធកិច្ចគាំពារ សុខភាពសង្គមដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល នាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍កោតសរសើរទៅដល់ អង្គការអុកស្វាម សម្រាប់ កិច្ចសហការនៅក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង រួមជាមួយនឹងគំនិតនៅក្នុងការបង្កើត កម្មវិធីប្រកួតប្រជែង ពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាកត្តា មួយជួយលើកស្ទួយវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាអោយមានភាពលេចធ្លោ ប្រកបដោយគុណភាព និងគុណវុឌ្ឍសម្រាប់បម្រើទៅដល់វិស័យសន្តិសុខសង្គមដែលកំពុងមានសន្ទុះចាប់អារម្មណ៍នាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង