ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានរដ្ឋសភាថៃ បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគី ជាមួយ ប្រធានរដ្ឋសភាស្តីទីកម្ពុជា

25

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា រួមជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ និងឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនទៀត បានអញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្ត្រ នៃព្រះរាជាណាចក្រថៃ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមជម្រាបថា គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទ២៣ ខែមីនា ឆ្នាំ២០២៤។ គណៈប្រតិភូនឹងបន្តដំណើរទៅកាន់វិមានរដ្ឋសភា ជាទីដែលរដ្ឋសភាកម្ពុជារៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ដោយមានការធ្វើវន្ទនកិច្ចពីកងកិត្តិយសត្រែទ័ពយ៉ាងអធិកអធម។

បន្ទាប់មក ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភាថៃ និងគណៈប្រតិភូ នឹងអញ្ជើញជួបធ្វើសវនាការសម្ដែងការគួរសម និងកិច្ចចរចាទ្វេភាគី ជាមួយ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាផ្សេងៗទៀត ជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង