ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យអនុវត្តវិធានការច្បាប់ ចុះស្រាវជ្រាវស្វែងរកជនល្មើស មេក្លោង មេខ្យល់ នៅពីក្រោយខ្នង អ្នកផ្តល់ថវិកាគាំទ្រការប្រព្រឹទ្ធបទល្មើស និងអ្នកពាក់ព័ន្ធបទល្មើសទាំងអស់

47

 

ខេត្តមណ្ឌលគីរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃការចុះអនុវត្តការងាររបស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិ ដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះបំពេញបេសកកម្មការងារនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីពិនិត្យអំពីបច្ចុប្បន្នភាព សភាពការណ៍ ស្ថានភាព និងសកម្មភាព នៃការលួចចូលកាប់រុករានទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិខុសច្បាប់ ក្នុងតំបន់ ការពារធនធានធម្មជាតិ ដែនជម្រសត្វព្រៃណាមលៀរ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

នៅពេលព្រឹក គណៈកម្មាធិការថ្នាក់ជាតិ បានចុះពិនិត្យដោយផ្ទាល់ទីតាំងដីដែលរងការកាប់រានបំផ្លាញព្រៃ ការពារ អភិរក្ស និងការទន្ទ្រានដីរដ្ឋក្នុងដែនជម្រកសត្វព្រៃណាមលៀរ ដែលអ្នកកាប់រានព្រៃ គឺជាបងប្អូនប្រជាពលរដ្ឋ មូលដ្ឋាន (បងប្អូនជនជាតិដើមភាគតិច)។ តាមការពិនិត្យ និងស្តាប់នូវមតិយោបល់នៅមូលដ្ឋាន គឺគ្រប់គ្នាទាំងស្ថាប័នរដ្ឋនិងសហគមន៍ មិនទាន់បានយល់ដឹងច្បាស់អំពីដំណើរការ និងនីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងតួនាទី នៃការគ្រប់គ្រងដីសហគមន៍ ។

នៅពេលរសៀល គណៈកម្មាធិការថ្នាក់ជាតិ បានរៀបចំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យឡើងវិញ និងមានវិធានការ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងតំបន់ការពារធនធានធកម្មជាតិ ជាពិសេស នៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ក្នុងភូមសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី និងបានឯកភាពដាក់ចេញនូវវិធានការ ៧ចំណុច ដូចខាងក្រោម៖ និងការអប់រំ

១. ត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីតម្លៃ នៃធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីបរិស្ថាន ជាដើម ។ល។

២. ចាត់វិធានការរដ្ឋបាលចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធនឹងបទល្មើស ដោយត្រូវតម្លើងបញ្ជីឈ្មោះ និងផ្ញើជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ។

៣. អនុវត្តវិធានការច្បាប់ ដោយចុះស្រាវជ្រាវស្វែងរកជនល្មើស មេក្លោង មេខ្យល់ នៅពីក្រោយខ្នង អ្នកផ្តល់ថវិកាគាំទ្រការប្រព្រឹទ្ធបទល្មើស និងអ្នកពាក់ព័ន្ធបទល្មើសទាំងអស់ ។

៤. ធ្វើការតម្លើងផែនទីកំណត់ព្រំ រៀបចំបោះបង្គោលព្រំដី ចុះបញ្ជីដី ដើម្បីឱ្យសាធារណជនបានយល់ដឹង អំពីដីព្រៃអភិរក្ស និងតំបន់ការពារធនធានធម្មជាតិ។

៥. ស្នើសុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ចូលរួមផ្សព្វផ្សាយជូនដល់ ប្រជា ពលរដ្ឋឱ្យបានយល់ជ្រួតជ្រាប និងជួយឧបត្ថម្ភគាំទ្រផ្តល់តាមលទ្ធភាពដល់ប្រជាការពារចូលរួមការពារធនធានធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួន។

៦. ស្នើដល់អាជ្ញាធរស្រុក ឃុំ ភូមិ សូមបញ្ឈប់ការបញ្ជាក់លើឯកសារសុំសិទ្ធិកាន់កាប់ និងឯកសារទិញលក់ ផ្ទេរដី នៅក្នុងតំបន់ការពារធនធានធម្មជាតិ ។

៧. ស្នើសុំពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ ៕

អត្ថបទដែលជាប់ទាក់ទង