ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជសារព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧

93

 

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃម្ពុជា បានផ្ញើព្រះរាជសារមួយ ក្នុងឱកាសសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ។ នៅព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈចំនួន២៖
១-ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧
២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៧។

ព្រះរាជសារ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤
មានខ្លឹមសារដូចខាងក្រោម ៖ “បងប្អូនជនរួមជាតិទាំងអស់ ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ខ្ញុំព្រះករុណា ខ្ញុំមានហឫទ័យសោមនស្សរីករាយក្រៃលែង សូមផ្ញើ សារអបអរសាទរពិធីបើកសម័យប្រជុំរដ្ឋសភាលើកទី ២ នីតិកាលទី ៧ ដែលកំពុងប្រព្រឹត្តទៅនៅ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដ៏មានសារៈសំខាន់នាពេលនេះ ។
បងប្អូនជនរួមជាតិជាទីស្នេហា! រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតចេញពីការបោះឆ្នោត ប្រកបដោយ៍សេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ និង គណបក្ស ហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ ( ២០២៣-២០២៨ ) ដឹកនាំដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិ សាស្ត្រកម្ពុជា ដែលទទួលបានតំណែងដ៏ឧត្តុង្គឧត្តមនេះ ។
ជាមួយគ្នានេះ រដ្ឋសភានីតិកាលទី៧ ក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋ ភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្តក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុត បន្តវេនពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង ប្រកប ដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្ដេជ្ញាចិត្តខ្ពស់ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយសំខាន់ៗ ជាពិសេស គោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយ ផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ និងនវានុវត្តន៍ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង សុខុមាលភាព ប្រែក្លាយកម្ពុជាជាប្រទេសជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធារ សម្បូរ សប្បាយ និងវិបុលភាព ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប ។
នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរដ៏ស្មោះចំពោះសម្ដេចមហា រដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលជាស្ត្រីឆ្នើម មានស្មារតីមោះមុត បញ្ញាភ្លឺថ្លា ដឹកនាំស្ថាប័ន រដ្ឋសភាក្នុងការបំពេញមុខងារស្នូលទាំងបី រួមមាន មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារជាតំណាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ ឧត្តមប្រយោជន៍ជាតិជាធំ។ ជាមួយគ្នានេះ ខ្ញុំព្រះករុណា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំងអស់នៃនីតិកាលទី៧ ជាឥស្សរជនឆ្នើមដែលមានស្នាដៃ និងបទពិសោធន៍ ល្អៗយ៉ាងសម្បូរបែប ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ។
ខ្ញុំព្រះករុណា ខ្ញុំសូមស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្ដេជ្ញាប្រមូលផ្តុំកម្លាំង ជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ឱ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់ថែមទៀត ជូនជាតិមាតុភូមិដ៏បវរនៃយើង ដោយឈរលើមូលដ្ឋានគ្រឹះ នៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី”៕

អត្ថបទដែលជាប់ទាក់ទង