ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់“ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា

36

ភ្នំពេញ៖ រសៀលនេះ ថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ មេសា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពង់ “ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ” ក្រោមប្រធានបទ “ ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា ”។ ពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ថា សាលារៀនជាអង្គភាពផ្តល់សេវាសាធារណៈ ដែលស្ថិតនៅជិតប្រជាពលរដ្ឋ សាលារៀនត្រូវតែអនុវត្តនូវតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន និងរៀន និងផ្ដល់នូវវិជ្ជ សម្បទា បំណិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប ដែលទាមទារឱ្យសាលារៀនត្រូវ ពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងប្រមូល ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀន គ្រប់ជ្រុងជ្រោយស្របតាមស្ដង់ដា សាលារៀនគំរូ ។

សម្តេចធិបតីបានមានប្រសាសន៍ទៀតថា សម្តេចពិតជាគាំទ្រចំពោះការវាយតម្លៃសាលារៀនទាំងបីកម្រិត ដែលក្រសួងបានជ្រើសរើស និងទទួលស្គាល់ជាសាលារៀនគំរូ ទាំង១២០សាលា នៅដំណាក់កាលដំបូងនេះ ក្នុងន័យទទួលស្គាល់នូវសមិទ្ធផលសាលារៀន ទាំងលទ្ធផលសិក្សារបស់សិស្សខ្ពស់ ទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារក្នុងការអភិវឌ្ឍសាលារៀន ជាសាលារៀន ជាប់ចំណាត់ថ្នាក់អង្គភាពសេវាសាធារណៈល្អ សាលារៀនស្អាត នាយកល្អ ។ល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំត្រូវធ្វើឱ្យមួយជីវិត សូម្បីសម្តេចក៏ត្រូវរៀនជាប់ជាប្រចាំផងដែរ។អាណាព្យាបាលគ្រប់រូបចង់ឱ្យកូនៗទទួលបានការអប់រំដ៏ប្រសើរ ហើយដើម្បីឱ្យការអប់រំបានល្អប្រសើរ ត្រូវពង្រឹងមូលដ្ឋានពីថ្នាក់ក្រោមមក។​ ការបង្កើតសាលាជំនាន់ថ្មី សាលាគំរូ មិនមែនជាការបង្កើតដើម្បីប្រកួតប្រជែងគ្នានោះទេ គឺបង្កើតដើម្បីពង្រឹងការអប់រំ ហើយធ្វើជាដំណាក់កាល។
សម្តេចធិបតី បានប្រកាសយកសាលាបឋមសិក្សាចំនួន៥០ ពង្រឹងការអប់រំ ដោយបន្ថែមម៉ោងសិក្សា២ម៉ោងបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំកុំឱ្យដាក់កាតព្វកិច្ចទៅអាណាព្យាបាលចូលរួមថវិកា ក្នុងកម្មវិធីលើកកម្ពស់អប់រំ។ ទំនាក់ទំនងរវាងគ្រូ អាណាព្យាបាល ជាមួយសិស្ស ជាកត្តាសំខាន់ជួយឱ្យការអប់រំទទួលបានផលល្អប្រសើរ។ សម្តេចធិបតី ក៏បានណែនាំឱ្យពង្រឹងតួនាទីការិយាល័យអប់រំស្រុក ដើម្បីពង្រឹងប្រសិទ្ធភាពអប់រំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដូចបានលើកឡើងនៅក្នុង របាយការណ៍សង្ខេបរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលពិតជាបានស្ដែងចេញនូវ កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងស្អិតល្មួតរបស់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ, មាតាបិតា, សហគមន៍ និងអាជ្ញាធរដែនដី ក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនទៅមុខ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។សម្តេចធិបតី បានគាំទ្រចំពោះកម្មវិធីកំណែទម្រង់វិធានការ និងអាទិភាព ដែលអង្គសន្និបាតបានដាក់ចេញ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលនាពេលបច្ចុប្បន្ន និងកាលានុវត្តភាពថ្មីៗ និងការកំណត់ទិសដៅ កំណែទម្រង់ច្បាស់លាស់ ប្រកបដោយភាពជាក់ស្តែងនិយម ជាមួយនឹងគោលដៅជាក់លាក់។ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់អាទិភាព ក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមាន ក្របខ័ណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និងប្រកបដោយគុណភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ជំរុញបន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ, កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុម គំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ។

មុននឹងបញ្ចប់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសប្រគល់ពានរង្វាន់ ប័ណ្ណសរសើរ ជូនដល់លោកគ្រូ អ្នកគ្រូនិងសាលាគំរូមួយចំនួន ដែលបានជាប់ជ័យលាភី ព្រមទាំងបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីមួយចំនួន នៃក្រសួងអប់រំយុវជននិងកីឡាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង