ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បន្តតួនាទីធ្វើជាប្រធានព្រឹទ្ធសភា ឯកឧត្តម ប្រាក់ សុខុន ធ្វើជាអនុប្រធានទី១ និង ឯកឧត្តម អ៊ុច បូររិទ្ធ ធ្វើជាអនុប្រធានទី២ នៃព្រឹទ្ធសភា

40

 

ភ្នំពេញ៖ បន្ទាប់ពីទទួលជោគជ័យដ៏មហាសាលលើបេសកកម្មដឹកនាំជាតិ ពោរពេញ​ដោយក្តីលំបាកមិន​អាចគណនារយៈពេលជាង ៤០ឆ្នាំក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជានោះ នៅពេលនេះសម្តេច​តេ​ជោ ហ៊ុន សែន បន្តតួនាទីភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ។

ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃ​មុន​ខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ៦២ លើ៦២ សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា។

បន្ទាប់ពីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី១ ព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រ លោក ប្រាក់ សុខុន ឱ្យធ្វើជាអនុប្រធានទី១ និងគាំទ្រ លោក អ៊ុច បូររិទ្ធ ឲ្យធ្វើជាអនុប្រធានទី២ នៃព្រឹទ្ធសភាផងដែរ ជាមួយនឹងសំឡេងគាំទ្រ៦២/៦២រូប។

ពិធីបើកសម័យប្រជុំលើកដំបូង នៃព្រឹទ្ធសភា នីតិកាលទី៥ បានធ្វើឡើងក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ហើយបន្ទាប់ពីនោះ ព្រឹទ្ធសភាក៏បានបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរបស់ខ្លួនសម្រាប់នីតិកាលថ្មី។

សម្តេចតេជោ ហ៊ុន សែន ក្នុងវ័យ៣២ឆ្នាំ ពោលកាលពី ៤០ឆ្នាំមុន បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រី ទទួលបានការគាំទ្រដោយគ្មានការជំទាស់ពីសមាជិកសភា ហើយពេលនេះឡើងកាន់តំណែងប្រធានព្រឹទ្ធសភាដោយគ្មានសំឡេងជំទាស់នោះដែរ ទោះមានសមាជិកព្រឹទ្ធសភា៣រូបមកពីបក្សប្រឆាំងក្តី។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន សម្តេចតេជោ ដើម្បីដឹកនាំស្ថាប័នកំពូលមួយនេះ គឺពិតជាបង្ហាញ យ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោ ដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់ សម្តេច តេជោ ក្នុងការដឹកនាំប្រទេសជាតិ ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។

ប្រជាជាតិខ្មែរទាំងមូល ពិតជាមានមហាភ័ព្វវាសនាខ្ពស់ក្រៃលែង ដោយមានអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើម គឺ សមេ្តចតេជោ ដែលជាវីរកុលបុត្រខ្មែរដ៏អង់អាចក្លាហាន តែងតែរួមសុខរួមទុក្ខដោយក្តីស្មោះត្រង់បំផុត ជាមួយ ប្រជាជន និងប្រទេសជាតិ នៅគ្រប់កាលៈទេស:ទាំងអស់។ សមេ្តចតេជោ គឺជាតួអង្គដ៏មាន សារសំខាន់មិនអាចខ្វះបាន សម្រាប់ឆាកនយោបាយរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល អនាគត ព្រោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ គឺជាគ្រឹះនៃការបង្រួបបង្រួមជាតិ ការកសាង ខឿន សន្តិភាព ឯករាជ្យ បូរណភាពទឹកដី ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន ជាកូនកសិករធ្វើស្រែចម្ការស់នៅតាមដងទន្លេមេគង្គ ក្នុងភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្តេចតេជោ បានប្រសូត​នៅ​ថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹង​ថ្ងៃ​ទី០៥ ខែសីហា ឆ្នាំ១៩៥២។ សម្តេចតេជោ ហ៊ុន សែន ជាកូនទី៣ ក្នុង​ចំណោម​បងប្អូន ៥នាក់។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានដំណាលថា ក្តីបំណងធំបំផុតរបស់សម្តេច​កាលយុវភាព គឺចង់ត្រឹមធ្វើជាគ្រូបង្រៀនប៉ុណ្ណោះ ប៉ុន្តែរបត់ និងបញ្ហា​ប្រទេស​ជាតិ បានរុញច្រានសម្តេចតេជោឱ្យក្លាយជាមេដឹកនាំ ដែលទទួលជោគវាសនា​កំពូលរបស់ជាតិ។

បន្ទាប់ពីការធ្វើពលីកម្ម និងតស៊ូក្នុងបុព្វហេតុជាតិជាច្រើន ផលបុណ្យកើតចេញ​ពី​ភក្តីភាព និងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅចំពោះជាតិ និងប្រជាជន​កម្ពុជា ធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ទទួលបានការទុកចិត្តពីសភាសាធារណរដ្ឋប្រជា​មានិត​កម្ពុជា បោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋ​មន្ត្រី​​នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជំនួសលោក ចាន់ ស៊ី ដែលបានទទួល​មរណ​ភាពដោយសារមហារីកគ្រាប់ឈាម។

ជាមួយការឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រី​របស់​កម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ត្រូវប្រឈមនឹងការដោះស្រាយ​បន្ទុកដ៏ធំមួយ​របស់​ជាតិ និងប្រជាជន គឺគ្រោះខ្វះខាតស្បៀង ដ្បិតមុនពេលឡើងកាន់​តំណែង​មួយឆ្នាំ ពោលនៅឆ្នាំ១៩៨៤ កម្ពុជាជួបគ្រោះទឹកជំនន់ផង និងគ្រោះរាំង​ស្ងួត​ផង។ សម្តេចតេជោ បានចាត់ទុកបញ្ហានេះ គឺជាការសាកល្បងដ៏ធំសម្រាប់សមត្ថ​ភាព​ដឹកនាំរបស់សម្តេច។ នៅពេលនោះ សម្តេចបានប្រកាសនៅមុខ​សមាជិក​រដ្ឋ​សភាទាំងអស់ថា «មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយ​យើង​​មិនបានដឹង និងមិនបានដោះស្រាយនោះឡើយ»។

ពាក្យពេចន៍ប្តេជ្ញាចិត្តតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាចម្បងនេះ ត្រូវបាន​សម្តេច​តេជោ ប្រកាន់ប្រើប្រាស់រហូត​មក​ក្នុងជីវិតជានាយករដ្ឋមន្ត្រីរបស់សម្តេច។

ក្រោយពេលឡើងកាន់តំណែងនេះមិនត្រឹមតែប្រឈមនឹងគ្រោះអត់ស្បៀងដែលត្រូវដោះស្រាយប៉ុណ្ណោះទេ តែនាយករដ្ឋមន្ត្រីរូបនេះនៅប្រឈមបញ្ហាជាច្រើនទៀត។ ការងារអាទិភាពចំនួន៤សំខាន់ដែលនាយករដ្ឋមន្ត្រីវ័យ៣៣រូបនេះ បានដាក់​ចេញ ដើម្បីជាបន្ទាត់នយោបាយដឹកនាំរបស់ខ្លួន គឺការស្តារឡើងវិញនូវប្រព័ន្ធ​ហេដ្ឋា​​រចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបញ្ហាទាំង៤នេះ ត្រូវបានបំផ្លាញគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្រៅពីការគិតគូរក្នុងការស្តារប្រទេសឡើងវិញហើយនោះ នាយករដ្ឋមន្ត្រីនៃរបប​សា​ធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវប្រឈមលើការមិនយល់គ្នាពីសេដ្ឋកិច្ចទីផ្សារ​នៅ​ក្នុង​​ជួរបក្ស ខណៈក្រុមខ្មែរដែលនៅសេសល់នៅតាមព្រំដែន ព្រមទាំងចលនា​តស៊ូ​ដទៃ​ទៀត ធ្វើសកម្មភាពវាយឆ្មក់ និងធ្វើសកម្មភាពផ្សេងៗប៉ងដណ្តើម​កាន់កាប់​ប្រទេសជាថ្មី។ បន្ថែមពីលើនោះពួកបស្ចិមប្រទេសមិ​ន​ត្រឹម​តែ​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​ដល់រដ្ឋាភិបាលរបស់សមមិត្ត ហ៊ុន សែន ប៉ុណ្ណោះទេ ពួកគេថែមទាំងមិន​ទទួល​ស្គាល់រដ្ឋាភិបាលសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា​នៅអង្គការ​សហប្រជាជាតិ​ថែម​ទៀតផង ហើយទទួលស្គាល់អាសនៈរបស់ខ្មែរក្រហមទៅវិញ។

ក្រៅតែពីបញ្ហានេះទៅ សមមិត្ត ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី នាពេល​នោះ ត្រូវប្រឈមនឹងបញ្ហាដ៏ធំមួយទៀត គឺជម្លោះ​ និងសង្គ្រាមជាមួយទ័ពខ្មែរ និងកម្លាំងចលនាតស៊ូដទៃទៀត ដែលជាឧបសគ្គដ៏ធំក្នុងកិច្ចកសាងជាតិ។

ដោយមើលឃើញថាការស្ថិតក្នុងស្ថាភាពសន្តិភាពផង និងសង្គ្រាមផង មិនអាចធ្វើ​ឱ្យ​​កម្ពុជាអាចមានការអភិវឌ្ឍ និងនាំក្តីសុខជូនប្រជាពលរដ្ឋ ហើយជាការគំរាម​កំហែង​ដល់របបដឹកនាំរបស់ខ្លួនផងនោះ។ សមមិត្ត ហ៊ុន សែន ក៏បានកើតចិត្តចង់​ស្វែងរកសុខសន្តិភាព ដោយបង្រួបបង្រួមគ្រប់ភាគីជម្លោះទាំងអស់។

បំណងបង្រួបបង្រួមជាតិ បានជំរុញឱ្យសម្តេចតេជោ ដាក់ចេញនយោបាយ​ចរចា​ជា​មួយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ រហូតឈានដល់អនុវត្តន៍នូវ​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នៅឆ្នាំ១៩៨៧ ហើយ​ឈាន​​ទៅអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ បិទបញ្ចប់ភ្លើងសង្គ្រាម និងការបែក​បាក់​ជាតិកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ការបង្រួបបង្រួម និងឯក​ភាព​ជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រនៃការបែកបាក់ជាតិ ក្រោយចក្រភព​អង្គរ ដែលមានរយៈពេលមិនតិចជាង ៥០០ឆ្នាំនោះឡើយ។

បន្ទាប់ពីទទួលបានជោគជ័យទាំងស្រុងលើកការបង្រួបបង្រួមជាតិ ស្របជាមួយ​វិបត្តិនយោបាយក៏ត្រូវបានធូរស្រាលចាប់ពីក្រោយឆ្នាំ១៩៩៨ ពោលគឺចាប់​ពី​ឆ្នាំ​២០០០ គឺជាពេលវេលាថ្មីមួយ ដែលសម្តេចតេជោ ហ៊ុន សែន ផ្តោតចិត្តយកទុក​ដាក់​ពេញទីលើការកសាងអភិវឌ្ឍន៍ជាតិ និងធ្វើសមាហរណកម្មជាតិ​ទៅក្នុងសហ​គមន៍​អន្តរជាតិផងដែរ។

រាប់ចាប់ពីចុងឆ្នាំ១៩៩៨មក សម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជាអគ្គមគ្គុ​ទ្ទេស​ក៍​ដឹកនាំនាវាដ៏ឆ្នើមមួយរូបក្នុងយុគ្គសម័យថ្មីនេះ ដោយបានប្រែក្លាយ​ប្រទេស​កម្ពុជា ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងលឿនលយជាទីបំផុត។ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបានគេមើលឃើញជាមេដឹកនាំមានភាពបត់បែន និងប៉ិន​ប្រ​សប់​ខ្ពស់លើការដឹកនាំ ហើយនាំឱ្យមានការចាប់អារម្មណ៍ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ក្នុងរយៈពេលប្រមាណ ២០ឆ្នាំគិតចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨ តាមរយៈការ​ដឹក​នាំ​របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជាតិកម្ពុជា​មានបម្រែ​បម្រួល​យ៉ាង​ខ្លាំង, ធ្វើឱ្យកម្ពុជាស្គាល់តែផ្សែងសង្គ្រាម ប្រែជាទឹកដីដ៏ស្រស់បំព្រង​អគារតូច​ធំ​ផុស​ត្រដែន ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់បង្ហាញវត្តមាន​ខ្វែងខ្វាត់ពីទីក្រុង​ដល់ទី​ជន​បទ, ពលរដ្ឋកម្ពុជា ធ្លាប់តែជន់ជោរដោយទឹកភ្នែក ប្រែមកស្គាល់តែស្នាម​ញញឹម​​ដ៏ស្រស់ថ្លា។

មានសមិទ្ធផលសំខាន់ៗរបស់ជាតិជាច្រើន ឆ្លុះឱ្យឃើញពីវឌ្ឍនភាពជាតិកើត​ចេញ​ពីកិច្ចប្រឹងប្រែងពោរពេញដោយឆន្ទៈ និងស្មារតីដ៏មុះមុតក្នុងការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន។ ក្នុងនោះ ផលិតផលក្នុងស្រុកសរុប ត្រូវបានកើនពី ៣,១០៦​លានដុល្លារអាមេរិក ដល់២៤,៦០៥ លានដុល្លារអាមេរិក, ប្រាក់ចំណូល​សម្រាប់​មនុស្សត្រូវបានកើនពី ២៥៣ដុល្លារ ដល់ ១,៥៦៣ដុល្លារ, អតិផរណា ត្រូវបាន​ថយ​ចុះពី ១៤.៧ភាគរយ មកនៅត្រឹម ៣.៤ភាគរយ, អត្រាភាពក្រីក្រថយចុះពី ៥៣.២ភាគរយ មកនៅត្រឹម ១៣.៥ភាគរយ, ទំហំទឹកប្រាក់ការនាំចេញ បានកើន​ពី ៨០០លានដុល្លារ ដល់ ១២,១២៣លានដុល្លារអាមេរិក, ទុនបម្រុងអន្តរជាតិ កើនពី ៣៩០លានដុល្លារអាមេរិក ទៅដល់ ៩,៤៩៤លានដុល្លារអាមេរិក។

ប្រាក់​សោធននិវត្តន៍អប្បបរមាក្នុងម្នាក់ បានកើនពី ៧០,០០០រៀលក្នុងមួយខែ រហូតដល់ ៤៨០,០០០រៀលក្នុងមួយខែ, ចំណូលថវិកាជាតិសរុប បានកើនពី ២៤៧លានដុល្លារអាមេរិក ដល់ ៤,៧៣២លានដុល្លារអាមេរិក, ចំនួនភ្ញៀវទេស​ចរ បានកើនពី ២៨៦,៥២៤នាក់ ដល់ ៦,២៦២,១៦៤នាក់។ រីឯអាយុកាល​សង្ឃឹមរស់របស់ប្រជាជន ត្រូវបានកើនពី ៥៦.៧ឆ្នាំ ទៅដល់ ៧០.៦ឆ្នាំ។

ព្រោះតែភាពខ្លាំងក្លាក្នុងការប្រយុទ្ធលើសមរភូមិនយោបាយនៅកម្ពុជា បិទបញ្ចប់​ភ្លើង​សង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍនេះធ្វើឱ្យអ្នកព័ត៌មានបរទេស [Harish C. Mehta និង Julie Mehta] ដាក់រហស្សនាមឱ្យសម្តេចតេជោ ហ៊ុន សែន ជាបុរសខ្លាំងកម្ពុជា។

ការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន ក៏ទទួលបានការសព្វព្រះរាជហឫទ័យ និងកោតសរសើរយ៉ាងខ្លាំងពីព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីព្រះ​អង្គ​នៅ​មានព្រះជន្ម ក៏ដូចជាព្រះមហាក្សត្រខ្មែរ ព្រះមហាក្សត្រីយ៍ ព្រមទាំងប្រជាពល​រដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។

កម្ពុជាចាប់តាំង​ពីក្រោយ​ការបែកបាក់ចក្រភពអង្គរនាសតវត្សរ៍ទី១២ ស្គាល់តែការ​បែកបាក់ ភ្លើងសង្គ្រាម និរាសប្រាត់ប្រាស់ និងការអន់ថយ ហើយភាពល្បាញ​ល្បី​ក៏ត្រូវបានកប់បាត់ពីលើឆាកអន្តរជាតិផងដែរ។ អាចនិយាយថា​ទើបនឹង២០ឆ្នាំ​ចុង​ក្រោយនេះប៉ុណ្ណោះ កម្ពុជា បានស្គាល់នូវការបង្រួបបង្រួមជាតិជាថ្មី និងសាង​កេត្យា​នុភាពជាថ្មីទៅក្នុងឆាកអន្តរជាតិ ពោរពេញដោយកិត្តិយស និងមោទនភាព​សម្រាប់​ជាតិ សម្រាប់កុលបុត្រ និងកុលធីតាខ្មែរគ្រប់រូប។

នៅក្រោយឆ្នាំ២០១៨ ពោលរាប់ចាប់ពីឆ្នាំ២០១៩មក ជាពេល​វេលាមួយ​ដ៏លំបាក​សម្រាប់​​ពិភពលោក ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩។ ប្រទេសទាំងឡាយ រួមទាំង​កម្ពុជាផង គឺពិបាកក្នុងការឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច។ តែបើទោះ​បី​ជាយ៉ាង​ណា ក្នុងគ្រាជួបវិបត្តិទាំងនេះ បានរំលេចឱ្យឃើញពីភាពខ្លាំងពូកែរបស់សម្តេច​តេ​ជោ ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានលឿនរហ័ស កាត់​បន្ថយ​អត្រាស្លាប់ និងឆ្លងជំងឺកូវីដ១៩ទៅប្រជាពលរដ្ឋ នាំឱ្យមានការកោតសរសើរជា​ខ្លាំងទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ បន្ថែមពីលើនេះ ក្នុងពេលសង្គម​ជួបវិបត្តិ​កូវីដ​១៩ បានបញ្ចេញថវិកាជាតិជាច្រើន សម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ចជាតិ និងធានាការទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក្រៅតែពីការបំបែក​កំណត់​ត្រាជាប្រវត្តិសាស្ត្រក្នុងការនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ​ជំរុញ​ការ​អភិ​វឌ្ឍន៍ និង​កំណើនសេដ្ឋកិច្ចជាតិហើយនោះ នាំឱ្យលេច​ចេញនូវ​សមិទ្ធ​ផល​ជា​ប្រវត្តិសាស្ត្រជាច្រើនទៀតពាក់ព័ន្ធក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន ដូចជាការសាងសង់ផ្លូវល្បឿនលឿន ការសាងសង់ស្ពានឆ្លងកាត់ទន្លេជាច្រើន​ស្ពាន ពង្រីកផ្លូវជាតិកាន់តែធំៗ និងការសាងសង់ព្រលានយន្តហោះថ្មីសម្រាប់​រាជ​ធានីភ្នំពេញ និងខេត្តសៀមរាបជាដើម។ គម្រោងដឹកជញ្ជូនជាប្រវត្តិសាស្ត្រមួយ​ទៀត គឺ «ព្រែកជីហ្វូណន-តេជោ» បើទោះបីមិនទាន់បានលេចចេញជារូប​រាង​យ៉ាង​​ណាក្តី តែនៅក្នុងអាណត្តិ​ការ​ងារចុងក្រោយ សម្តេចតេជោ ក៏បានសម្រេច​ឱ្យ​ដំណើរ​គម្រោងមួយនេះផងដែរ។

ក្នុងឋានៈជានាយករដ្ឋមន្ត្រី ក៏បានបង្កើតឱ្យមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ​ពាក់​ព័ន្ធ​​នឹងវិស័យកីឡាផងដែរ។ បន្ទាប់ពីខកខាន និងរង់ចាំអស់រយៈជាង ៦០ឆ្នាំ ព្រោះតែវិបត្តិសង្គ្រាម និងសេដ្ឋកិច្ចជាតិនោះ នៅឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន សម្រេចបានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន​ប៉ា​រ៉ា​​ហ្គេម ប្រកបដោយមោទនភាពជាទីបំផុតសម្រាប់ប្រជាជាតិកម្ពុជា។

សម្រាប់នយោបាយអន្តរជាតិវិញ ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា ក្លាយទៅជាដើរតួនាទី និងចូលរួម​ចំណែក​យ៉ាង​សំខាន់សម្រាប់ការដោះស្រាយបញ្ហារបស់ពិភពលោក តាមរយៈយន្តការ​អា​ស៊ាន និងក្នុងនាមជាសមាជិកអង្គការអន្តរជាតិនានា។ តាមរយៈតួនាទីទាំងនោះ ធ្វើឱ្យកិត្តិនាមកម្ពុជាខ្ទរខ្ទារ មិនមែនអន់ថយដូចអតីតកាលនោះឡើយ។

ចាប់​ពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ​២០​២​៣ សម្តេច​តេជោ បានធ្វើជា​នាយករដ្ឋមន្ត្រីចំនួន ២០១៤សប្តាហ៍ ស្មើនឹង ២៦​៣​ខែ ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ និងស្មើ ១៤,០៩៩ថ្ងៃ។ ក្នុង​ឋានៈជានាយករដ្ឋមន្ត្រីជិត៤០ឆ្នាំ​មកនេះ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជានាយករដ្ឋមន្ត្រី​ដែល​បានប្រឹង​ប្រែង និងធ្វើពលីកម្មដើម្បីបុព្វហេតុរុងរឿងរបស់ជាតិ និងការរស់នៅ​ដ៏ប្រសើរ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះទេ តែសម្តេចបានអត់ទ្រាំរាល់ការប្រមាថ និងការវាយតម្លៃ​យ៉ាង​​អយុត្តិធម៌លើការដឹកនាំរបស់​សម្តេច​ពីសំណាក់ជនជ្រុល​និយមមួយ​ក្តាប់​តូច​ក្នុង​មជ្ឈដ្ឋានជាតិ ក៏ដូចជាអន្តរជាតិផងដែរ។ តែស្មារតីជាតិ និងប្រជាជន ប្រកប​ដោយ​មនោ​សញ្ចេតនាយ៉ាងជ្រាលជ្រៅនោះ ធ្វើឱ្យសម្តេចប្រឹងអត់ធ្មត់បៀបការ​ឈឺ​ចាប់ទាំងឡាយ ហើយសមិទ្ធផល​កើត​ចេញពីការអត់ធ្មត់នេះ សម្តេចតេជោ បាន​នាំកម្ពុជាមកកាន់ដំណាក់កាលមួយ គឺកម្ពុជារុងរឿង និងចម្រើនលូតលាស់ កម្ពុជាប្រកបដោយភាពខ្ពង់ខ្ពស់ក្នុងសុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង