ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីសម្រេចបានផែនការលើកម្ពស់ការងាររដ្ឋបាលសាធារណៈ គឺត្រូវមានចិត្ត មានបេះដូងតែមួយ ហើយត្រូវក្លាហានហ៊ានធ្វើ ហ៊ានសម្រេចចិត្ត

31

 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ​សម្រាប់​ឆ្នាំ​២០២៤ នៅរសៀលថ្ងៃព្រហស្បតិ៍ ​ទី​៤ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈទទួលបាននូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល (ហៅកាត់ថា គ.វ.រ.)ដែលមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥។ ក្នុងន័យនេះ លេខាធិការដ្ឋាននៃ គ.វ.រ. ក្រសួងមុខងារសាធារណៈមានតួនាទី និងភារកិច្ច ដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួនបី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈគឺ៖
១) ការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព
២) ការពង្រឹងការគ្រប់គ្រងមន្ត្រី ការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់មន្ត្រី រួមទាំងពង្រឹងស្ថាប័ន
៣) ការរៀបចំប្រព័ន្ធលើកទឹកចិត្តសម្រាប់មន្ត្រីឱ្យសមស្របទៅនឹងគោលការណ៍គុណាធិបតេយ្យផ្អែកលើសមិទ្ធកម្ម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសម្រេចបានផែនការលើកម្ពស់ការងាររដ្ឋបាលសាធារណៈ គឺត្រូវមានចិត្ត មានបេះដូងតែមួយ ហើយត្រូវក្លាហានហ៊ានធ្វើ ហ៊ានសម្រេចចិត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំ និងសម្របសម្រួលដោយ ក្រសួងមុខងារសាធារណៈ ត្រូវជំរុញការរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិកែទម្រង់ រដ្ឋបាលសាធារណៈ សម្រាប់រយៈពេលមធ្យមនិងវែង ដោយត្រូវកំណត់ឱ្យបាននូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់លាក់ និងច្បាស់លាស់ដើម្បីសម្រេចគោលដៅជាដំណាក់កាលៗ ឆ្ពោះទៅការកសាងបាននូវរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែមានតម្លដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជា ប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងថា កង្វះមន្ត្រីជារឿងមួយ ប៉ុន្តែការរើសមន្ត្រីបំពេញការងារឱ្យត្រូវ ហើយរក្សាឱ្យនៅជារឿងសំខាន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការដ្ឋាន កែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមមានការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យ អប់រំ វិស័យសុខាភិបាល ជាដើម៕

អត្ថបទដែលជាប់ទាក់ទង