ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង អញ្ជើញក្នុងកិច្ចប្រជុំការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយ សមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)

87

 

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញក្នុងកិច្ចប្រជុំការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយ សមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដឹកនាំដោយ លោកស្រី អាន អ៊ុដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម ដើម្បីពិភាក្សាលើសមាសភាពលេខាធិការ អចិន្ត្រៃយ៍បន្ទាប់នៃសមាគម AIMF ដែលគ្រោងនឹងធ្វើនៅទីក្រុងឡូហ្សាន ប្រទេសស្វីស នាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
កិច្ចប្រជុំនេះ បានពិភាក្សាសំខាន់លើសមាសភាពនៃការជ្រើសរើសលេខាធិការ អចិន្ត្រៃយ៍ (AIMF) ដែលមានបេក្ខជនចំនួន៥រូប ហើយឥស្សរជនទាំង៥រូបនេះ សុទ្ធតែជាធនធានមនុស្សដែលមានសមត្ថភាពខ្លាំងក្លា ក្នុងការជួយដឹកនាំទ្រទ្រង់ (AIMF) អោយកាន់តែមានភាពរឹងមាំ ។ ក្នុងចំនោមឥស្សរជនទាំង៥រូបនេះត្រូវជ្រើសរើសតែមួយរូបប៉ុណ្ណោះជំនួសលោក ព្យែរ ប៊ៃយ៉េ (Pierre BAILLET) ដែលត្រូវចូលនិវត្ត។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ យើងខ្ញុំពិតជាមានភាពជឿជាក់ចំពោះ លោកស្រីអាន អ៊ុដាល់ហ្គោ (Anne HIDALGO) អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ក្នុងការជ្រើសរើស លេខាធិការអចិន្ត្រៃយ៍ជំនួសលោក ព្យែរ ប៊ៃយ៉េ
(Pierre BAILLET) ដែលចូលនិវត្ត។

សូមបញ្ជាក់ថា៖ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើម របស់លោក ហ្សាក់ ហ្សីរ៉ាក (Jacques CHIRAC) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលកាលនោះ លោកជាអភិបាលក្រុងប៉ារីស (Paris) ប្រទេសបារាំង និង លោក ហ្សង់ ប៉េលឺធៀ (Jean – PELLETIER) អតីតអភិបាលក្រុងកេបក (Québec) ប្រទេសកាណាដា។សមាគមនេះមានសមាជិកចំនួន ៣០៧ មកពី ៥២ ប្រទេស (ស្មើនឹងប្រជាជនសរុបប្រមាណ ១៣០ លាននាក់) ប្រធានសមាគមបច្ចុប្បន្ននេះ គឺលោកស្រី អាន អ៊ុដាល់ហ្គោ (Anne HIDALGO) និងជាអភិបាលទីក្រុងប៉ារីសនិង លោក ព្យែរ ប៊ែយ៉េ(Pierre BAILLET) ជាលេខាធិការអចិន្ត្រៃយ៍។

សមាគម AIMFដែលជាសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង គឺជាប្រតិបត្តិករប្រើប្រាស់ភាសាបារាំងរវាងទីក្រុងផ្សេងៗ ដូចជាសមាជិកដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយដែលទាក់ទងទៅនឹងសាមគ្គីភាព ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូគាំទ្រទៅដល់សកម្មភាពជាក់ស្ដែងនៅតាមទីក្រុង ដែលនេះគឺជាលក្ខណៈពិសេសរបស់សមាគម AIMF ហើយក៏មានផ្នែកមួយទៀត ទាក់ទងទៅនឹងការពង្រឹងកសាងសមត្ថភាពក្នុងការពិភាក្សាគ្នា ជាពិសេសបញ្ជូនសារទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូលតែម្ដង។

គួររំលឹកថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ថ្មីៗ កន្លងមកនេះ គណៈប្រតិភូ AIMF ខណៈមកបំពេញ ទស្សនកិច្ចនៅរាជធានីភ្នំពេញ បានសម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលក្នុងនោះ មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ, សមាគម AIMF, រដ្ឋបាលរដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ
ខណ្ឌមានជ័យ។ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង