ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការអុកស្វាម និង Live & Learn Cambodia ប្រារព្ធកម្មវិធី “ឥទ្ធិពលនៃបរិយាបន្ន” ដើម្បីលើកកម្ពស់ភាពចម្រុះ និងបរិយាបន្នសង្គមនៅក្នុងប្រទេសកម្ពុជា

58

 

រាជធានីភ្នំពេញ ៖ អង្គការ កម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន និង អង្គការ អុកស្វាម រួមគ្នារៀបចំពិព័រណ៍ “ឥទ្ធិពលនៃបរិយាបន្ន” នៅថ្ងៃទី ៥ ខែមេសា ២០២៤នៅរាជធានីភ្នំពេញ។ កម្មវិធីពិព័រណ៍នេះមានគោលបំណងអបអរសារទរខួប ៨ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ វឌ្ឍនភាពនិងសមិទ្ធិផល ដែលសម្រេចបានជាមួយអង្គការដៃគូ និងក្រុមគោលដៅ និងការសម្រេចបាន ជោគជ័យគួរជាទីមោទននៃគម្រោង វ៉យក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះមានការតាំងបង្ហាញស្តង់ពិព័រណ៍, សិក្ខាសាលាចែករំលែក និងរៀនសូត្រ, សកម្មភាពជាក្រុម និងការដាក់បង្ហាញសមិទ្ធផលនៃគម្រោង ពីដៃអង្គការដៃគូទាំង ២៦ របស់កម្មវិធី វ៉យវគ្គទី២ (២០២១-២០២៤)។ តាមរយៈការបង្ហាញសាច់រឿង, ការជជែកពិភាក្សា និងការសម្តែង និងលើកឡើងអំពីដំណើរវិវត្តន៍ឆ្ពោះទៅកាន់បរិយាបន្ន របស់សហគមន៍នៃក្រុមគោលដៅទាំងអស់ រួមមានក្រុមជនមានពិការភាព ក្រុមអ្នកស្រលាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ (LGBTQI) ក្រុមស្ត្រីដែលប្រឈមមុខនឹងការកេងប្រវ័ញ្ច អំពើហិង្សា និង/ឬការរំលោភបំពាន ក្រុមយុវជន និងមនុស្សវ័យចាស់ដែលងាយរងគ្រោះ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិច។ ហើយយើងនឹងអបអរសាទរសមិទ្ធផលរបស់សហគមន៍នៃក្រុមគោលដៅផងដែរ។ ពិព័រណ៏នេះនឹងធ្វើឡើងជាភាសាខ្មែរ អមជាមួយនឹងការបកប្រែជាភាសាអង់គ្លេស និងភាសាសញ្ញាកម្ពុជា។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា “អង្គការអុកស្វាម មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រ និងធ្វើការជាមួយអង្គការដៃគូរបស់យើង ដើម្បីលើកកម្ពស់ និងពង្រឹងការផ្សព្វ ផ្សាយនិងបង្កើនការយល់ដឹងអំពីបរិយាបន្ន និងភាពចម្រុះ។ យើងបានពង្រឹងភាពអង់អាចដល់សហគមន៍ដែលយើងធ្វើការជាមួយ ដើម្បីពួកគេមានលទ្ធភាពចូលរួមយ៉ាងពេញលេញលើគ្រប់កម្រិត និងនៅក្នុងវេទិកានានា ចាប់ផ្តើមពីកម្រិតការអភិវឌ្ឍន៍សហគមន៍ រហូតដល់កិច្ចពិភាក្សាកម្រិតគោលនយោបាយ ដោយឈរទៅលើគោលការណ៍ ” បរិយាបន្ន ដោយមិនទុកនរណាម្នាក់ចោលឡើយ “។

វ៉យ គឺជាកម្មវិធីផ្តល់ជំនួយប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រមនុស្ស និងក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ ឬការរើសអើង ដើម្បីពួកគេមានលទ្ធភាពនិងឥទ្ធិពល ទទួលបានធនធានសម្រាប់បង្កើនផលិតភាព ទទួលបានសេវាសង្គម និងឪកាសចូលរួមក្នុងការធ្វើសេចក្តីសំរេចលើការអភិវឌ្ឍកម្រិតគោលនយោបាយ។ កម្មវិធី វ៉យមានគោលបំណងពង្រឹងសមត្ថភាព និងភាពអង់អាច របស់អង្គការសង្គមស៊ីវិលតំណាងឪ្យក្រុមគោលដៅដែលងាយរងគ្រោះ និងក្រុមដែលមានសម្លេងភាគតិច ដើម្បីមានឥទ្ឋិពលក្នុងការស្វែងរកមតិគាំទ្រ និងដើម្បីធានាថាសំឡេងរបស់ពួកគេត្រូវបានព្ញ និងឆ្លើយតប។ កម្មវិធី វ៉យ បានអនុវត្តនូវវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ក្នុងការពង្រឹងភាពអង់អាច ពង្រឹងសមត្ថភាព និងដើម្បីបង្កើនឥទ្ធិពលរបស់ក្រុមគោលដៅទាំង៥។ កម្មវិធីនេះគឺជាគំនិតផ្តួចផ្តើម និងគាំទ្រហិរញ្ញប្បទានដោយក្រសួងការបរទេសនៃប្រទេសហូឡង់។ កម្មវិធីត្រូវបានអនុវត្តដោយកិច្ចសហការវាងអង្គការអុកស្វាម និង ហ៊ីវ៉ូស នៅក្នុង១០ ប្រទេសនៅអាស៊ីអាគ្នេយ៍ អាហ្វ្រិកខាងកើត និងខាងលិច។

នៅកម្ពុជា អង្គការអុកស្វាម បានអនុវត្តកម្មវិធី វ៉យ ដែលជាប្រទេសដំបូងគេដែលបានចាប់ផ្តើម នៅក្នុងខែធ្នូ ឆ្នាំ ២០១៦ ហើយបានដំណើរការអស់រយៈពេល ៨ ឆ្នាំមកហើយ។ អង្គការអុកស្វាម មានកិត្តិយស និងរីករាយជាខ្លាំងក្នុងការសម្របសម្រួល និងគាំទ្រអង្គការដៃគូក្នុងស្រុករបស់យើងចំនួន ៥៤ គម្រោង។ កម្មវិធី វ៉យ បានផ្តល់លទ្ធផលជាវិជ្ជមានដោយផ្ទាល់ទៅដល់ក្រុមគោលដៅងាយរងគ្រោះចំនួន ៦៨,៩៦៨នាក់។ យើងធ្វើការជាមួយក្រុមគោលដៅងាយរងគ្រោះចំនួន ៥ រួមមានជនមានពិការ រួមមានក្រុមជនមានពិការភាព ក្រុម ក្រុមអ្នកស្រលាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ (LGBTQI) ក្រុមស្ត្រីដែលប្រឈមមុខនឹងការកេងប្រវ័ញ្ច អំពើហិង្សា និង/ឬការរំលោភបំពាន ក្រុមយុវជន និងមនុស្សចាស់ដែលងាយរងគ្រោះ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិច។

ស្របតាមរយៈវិធីសាស្រ្តដើម្បីអោយមានការផ្លាស់ប្តូរ កម្មវិធី វ៉យកម្ពុជា បានមានផ្តល់ផលវិជ្ជមានដល់ក្រុមគោលដៅទាំង៥ ក្នុងការទទួលបានធនធានសម្រាប់ការបង្កបង្កើនផលិតភាព ទទួលបានសេវាសង្គម និងឪកាសចូលរួមក្នុងការធ្វើសេចក្តីសម្រេច។ ក្រុមគោលដៅត្រូវបានពង្រឹងភាពអង់អាច បង្កើនសមត្ថភាព ទំនុកចិត្ត និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ពួកគេ។ ពួកគេបានលើកឡើងនូវកង្វល់ និងតម្រូវការរបស់ពួកគេក្នុងការទទួលបានសេវាកម្មសង្គម កិច្ចគាំពារសង្គម និងការចូលរួមក្នុងការធ្វើសេចក្តីសម្រេចប្រកបដោយបរិយាបន្ន។ ការបង្កើនការគាំទ្ររវាងគ្នានិងគ្នា ការកសាងទំនុកចិត្ត និងសាមគ្គីភាពនៅក្នុងសហគមន៍ និមួយៗ ត្រូវបានកត់សម្គាល់ជាលទ្ធផល នៃគំនិតផ្តួចផ្តើមនៃគម្រោងរបស់ពួកគេ។ ការបំពងសម្លេង គឺជាការផ្តល់នូវវីធីសាស្រ្ត និងការគាំទ្រដើម្បីធ្វើឱ្យការបន្លឺសំឡេងកាន់តែខ្លាំង និងមានឥទ្ធិពលទទួលបានការដោះស្រាយនិងឆ្លើយតប។ លទ្ធផលផ្សេងទៀតគឺក្នុងការកើនឡើងនៃ សម្លេង និងស្ថានភាព ការទទួលស្គាល់ ការទទួលយក ជាពិសេសសម្រាប់អ្នកដែលលាក់អត្តសញ្ញាណពិតប្រាកដរបស់ពួកគេដោយសារតែការរើសអើង និងក្រុមដែលត្រូវបានគេទុកចោល។ ការស្វែងរកការគាំទ្រមតិ ពាក់ព័ន្ធនឹងការប្រើប្រាស់វិធីសាស្រ្តផ្សេងៗដើម្បីជំរុញការផ្លាស់ប្តូរ ដូចជាការចូលរួមកិច្ចពិភាក្សាជាមួយអ្នកដឹកនាំ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ឧទាហរណ៍នៃការការស្វែងរកការគាំទ្រមតិដ៏ជោគជ័យមួយ ដែលបានធ្វើឡើងដោយក្រុមមនុស្សចាស់ គឺនៅពេលដែលតំណាងមកពីសមាគមមនុស្សចាស់កម្ពុជាត្រូវបានតែងតាំងជាផ្លូវការ និងបានចូលរួមយ៉ាងសកម្មនៅក្នុងក្រុមការងារបច្ចេកទេសដើម្បីរៀបចំផែនការសកម្មភាពមនុស្សចាស់ថ្នាក់ជាតិឆ្នាំ ២០២១-២០២៥ ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង ការស្តារនីតិសម្បទាយុវជន។
លទ្ធផលទាំងនេះជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុវត្តគោលការណ៍ “ផ្តើមចេញពីយើង ដើម្បីយើងទាំងអស់គ្នា (Nothing About Us, Without Us!)” និង “មិនទុកនរណាម្នាក់ចោលឡើយ”។

លោក ស៊ូ សុជាតិ នាយកប្រតិបត្តិរបស់អង្គការ Live & Learn Cambodia មានប្រសាសន៍ថា “វាពិតជាមានសារៈសំខាន់ណាស់ដែលមនុស្ស ឬក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ ឬការរើសអើង មានកន្លែងសម្រាប់បញ្ចេញនិងលើកឡើងនូវកង្វល់របស់ពួកគេ ដើម្បីដោះស្រាយតម្រូវការ និងអាទិភាពរបស់ពួកគេ។ យើងមានមោទនភាពក្នុងការសម្របសម្រួលបង្កើតជាកន្លែង និងការផ្តល់ឱ្យអង្គការដៃគូ និងក្រុមគោលដៅនូវឱកាសសម្រាប់ការសន្ទនាប្រកបដោយអត្ថន័យពេញលេញ និងការទំនាក់ទំនងគ្នាទៅវិញទៅមក រួមទាំងជាមួយអាជ្ញាធរពាក់ពន្ធ័របស់ពួកគេផងដែរ។ ទាំងអស់នេះរួមមាន ការកសាងបណ្តាញដ៏រឹងមាំនៅទូទាំងភាគីដែលពាក់ព័ន្ធ និងវេទិកានានា ហើយការផ្តល់នូវឱកាសស្មើគ្នាដើម្បីការអភិវឌ្ឍសមត្ថភាពចាំបាច់ ដើម្បីនឹងគាំទ្រដល់សកម្មភាពនាពេលអនាគតរបស់ពួកគេ ។
“ការផ្សារភ្ជាប់ និងរៀនសូត្ររបស់កម្មវិធី វ៉យ” គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងកម្មវិធី វ៉យ។ គឺជាវេទិកាដែលជំរុញកិច្ចសហប្រត្តិបត្តការ ការផ្សារភ្ជាប់ទំនាក់ទំនង ការចែករំលែកចំណេះដឹង និងការច្នៃប្រឌិត ហើយនិងការបំពាក់ចំណេះដឹងថ្មីៗ សម្រាប់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងការផ្សព្វផ្សាយនៅក្នុងសហគមន៍។ សហគមន៍នេះរួមមានអង្គការដៃគូ ក្រុមគោលដៅ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ គោលបំណង គឺដើម្បីជម្រុញការរៀនសូត្រផ្អែកលើអំនះអំណាងជាក់ស្ដែង និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការអនុវត្តគម្រោង ជាមួយនឹងការសម្រេចបាននូវគោលដៅបរិវត្តកម្មប្រកបដោយភាពច្នៃប្រឌិតសម្រាប់ក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ និងការរើសអើង។
បើទោះបីជាកម្មវិធី វ៉យ បានឈានដល់ការបិទបញ្ចប់បន្ទាប់ពីការអនុវត្តអស់រយៈពេល ៨ ឆ្នាំនៅក្នុងប្រទេសកម្ពុជា និងប្រទេសចំនួន ១០ ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ អាហ្វ្រិកខាងកើត និងខាងលិច ក៏ការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់បរិយាបន្ន និងការពង្រឹងភាពអង់អាចដល់ក្រុមគោលដៅងាយរងគ្រោះរបស់យើងនៅតែបន្ត៕

អត្ថបទដែលជាប់ទាក់ទង