ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរ១ក្រុមចូលទីតាំង វីងវេរលុមួយកន្លែងបន្លំលួចលុយជាង៨,០០០ ដុល្លារ រួចនាំគ្នាឡើងជិះម៉ូតូ គេចខ្លួនដោយសុវត្ថិភាព

112

 

ខេត្តបាត់ដំបង ៖ ទីតាំងវីងវេរលុយមួយកន្លែងត្រូវចោរមួយក្រុមមានប្រុសស្រី ប្រើល្បិចបន្លំចូលលួចយកលុយអស់ប្រហែល ៨,០០០ ដុល្លារអាមេរិក រួចនាំគ្នាឡើងជិះម៉ូតូបណ្ដាក់គ្នាគេចខ្លួន ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៨ និង ៤៥ នាទីព្រឹក ថ្ងៃទី៦ ខែមេសា ដែលស្ថិតនៅភូមិស្នឹងកើត ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ សុខ បញ្ញា ភេទស្រី អាយុ ៣៨ ឆ្នាំ រស់នៅកន្លែងកើតហេតុ ។ អ្នកស្រីសុខ បញ្ញា បានប្រាប់ថា ដំបូងមានស្ត្រីម្នាក់បានជិះម៉ូតូមកឈប់ខាងមុខ រួចដើរចូលទិញកូកានិងទឹកសុទ្ធអស់លុយជាង ៣ ម៉ឺនរៀល ។

ក្រោយទិញរួច ស្ត្រីម្នាក់នោះប្រាប់ឲ្យអ្នកស្ត្រីលើកទឹក និងកូកាយកទៅឲ្យដល់ម៉ូតូ ខណៈស្ត្រីម្នាក់នោះអង្គុយលើម៉ូតូជាស្រេច គាត់និយាយថា ស្ត្រីម្នាក់នោះបានហុចលុយឲ្យជាង ៣ ម៉ឺនរៀល សុទ្ធតែជាលុយរាយឲ្យគាត់រាប់ខ្វះមុខខ្វះក្រោយ ។ ប្រហែលក្នុងឱកាសនេះហើយដែលចោរប្រុសម្នាក់បាន បន្លំដើរចូលពីចំហៀងទៅប្រមូលយកលុយគាត់អស់ពីក្នុងកិតុក្នុងបន្ទប់វីង។

លុះពេលគាត់យកលុយទៅទុក ស្រាប់តែបាត់លុយអស់ ទើបមានការភ្ញាក់ផ្អើលហើយពេលឆែកកាមេរ៉ាសុវត្ថិភាព ទើបដឹងថាមានចោរបន្លំចូលលួច ព្រោះកាមេរ៉ាសុវត្ថិភាពបានថតជាប់បុរសម្នាក់ពាក់មួយ និងពាក់ម៉ាស់មុខដើរចូលទៅលួចលុយ និងដើរចេញពីផ្ទះរួចឡើងជិះម៉ូតូ ដែលមានបក្ខពួក ចាំទទូលនៅលើថ្នល់រួចគេចខ្លួនបាត់ ។

បើតាមអ្នកស្រី សុខ បញ្ញា បានបញ្ជាក់ថា ទឹកប្រាក់ដែលបាត់បង់ មានប្រាក់ខ្មែរ ប្រាក់ថៃ និងប្រាក់ដុល្លារ ដែលបូកសរុបអស់ជាង ៨០០០ ដុល្លារអាមេរិក ដែលលុយទាំងអស់ច្រកក្នុងថង់ខ្មៅទុកនៅក្នុងកិតុ ។ នៅក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញមានរូបស្ត្រីម្នាក់ជិះម៉ូតូមកឈប់ខាងមុខ រួចដើរចូលទិញទំនិញបន្តិចក្រោយមក ក៏ជិះចេញទៅក្រោយប្រគល់លុយថ្លៃទឹកសុទ្ធឲ្យជនរងគ្រោះ ។

គេឃើញជនស្លៀកពាក់ខ្មៅម្នាក់ពាក់មួក និងពាក់ម៉ាស់មុខផង បានដើរចូលពីចំហៀងខាងត្បូង ចូលទៅប្រមូលយកលុយនៅក្នុងបន្ទប់វេរលុយ ។ ក្រោយពីប្រមូលបាន ជននេះបានដើរចេញតាមទ្វារចំហៀងខាងជើង រួចធ្វើជាដើរទៅអង្គុយលើបង់ថ្មបន្តិច ក៏ដើរចេញទៅយ៉ាងលឿនដែលមានកាន់ថង់ខ្មៅច្រកលុយផង សំដៅទៅថ្នល់ជាតិដែលមានបក្ខពួកជិះម៉ូតូមកទទួល រូចជិះឆ្ពោះទៅទិសខាងជើងដោយសុវត្ថិភាព ។

បើតាមសាក្សីបាននិយាយថា តាមពិតក្រុមចោរនោះ មានបក្ខពួកយ៉ាងតិច ៣ ម៉ូតូ ដែលជិះឆ្វែលចុះឆ្វែលឡើង មុនពេលកើតហេតុ តែពុំមាននរណាម្នាក់ចាប់អារម្មណ៍ពួកនោះជាក្រុមចោរទេ ។ លុះក្រោយកើតហេតុបន្តិច មានការ ភ្ញាក់ផ្អើលទើបគេដឹងថា ក្រុមជិះម៉ូតូឆ្វែលចុះឡើងនោះ ជាជាបក្ខពួកក្រុមចោរដោយសារឃើញ ពួកគេជិះម៉ូតូទៅទទួលគ្នាដូចមានរូប នៅក្នុងកាមេរ៉ាសុវត្ថិភាពដែរ ។

សាក្សីដដែលបានបញ្ជាក់ថា បើតាមពិនិត្យលើសកម្មភាព ក្រុមចោរខាងលើនេះ ពួកគេជិះម៉ូតូបណ្ដាក់គ្នា មានស្ត្រីម្នាក់ធ្វើជាចូលទិញទំនិញ ហើយមានបុរសម្នាក់ជាអ្នកដើរចូលទៅលួចលុយ ខណៈពេលជនរងគ្រោះកំពុងឈររាប់លុយជាមួយស្ត្រីនោះ រីឯម៉ូតូមួយគ្រឿងឈប់នៅម្ខាងថ្នល់ រងចាំដឹកជនដៃដល់ ក្រោយលួចលុយបានសម្រេច តែគេឃើញបក្ខពួកវាម្នាក់ទៀត ឈប់ម៉ូតូឆ្ងាយពីគ្នាប្រហែល ៥០ ម៉ែត្រ ដែលទំនងជាអ្នកចាំបិទគូទ ៕

អត្ថបទដែលជាប់ទាក់ទង