ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការងារផែនការ ស្ថិតិ និង ប្រជាជននិងការអភិវឌ្ឍ ត្រូវ​អនុវត្តដោយប្រកាន់ខ្ជាប់ នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»​

57

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការងារផែនការ ស្ថិតិ និង ប្រជាជននិងការអភិវឌ្ឍ ត្រូវ​អនុវត្តដោយប្រកាន់ខ្ជាប់ នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»​ ដែលប្រព័ន្ធនេះ នឹងបង្កើតជាកម្លាំងចលករយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តការងារកែទម្រង់ព្រមគ្នា និងមានសង្គតិភាពជាមួយគ្នា ទាំងការពង្រឹងអភិបាលកិច្ច និងគុណភាពស្ថាប័ន។

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងផែនការ ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និងជាយន្តការដ៏ចាំបាច់សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅអំពីវឌ្ឍនភាព បញ្ហាប្រឈម និងជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច សមត្ថភាព និងគុណភាពស្ថាប័ន ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងផែនការមានតួនាទីជាសេនាធិការដ្ឋានដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការវិនិយោគសាធារណៈ មានជាអាទិ៍ ១. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ សម្រាប់អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំង យុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី ១, គោលដៅ និងអនុសញ្ញាសកលនានា ដែលកម្ពុជាបានផ្តល់សច្ចាប័ន ។ ២. កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ក៏ជាឧបករណ៍ សម្រាប់អនុវត្តគោលនយោបាយអាទិភាពជាតិ ដែលមានចែងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងជាធាតុចូលសម្រាប់ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុ​​សាធារណៈ​រយៈពេលមធ្យម ក្របខ័ណ្ឌថវិការយៈពេលមធ្យម និងជាច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ​ឆ្នាំ ។ ៣. គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត សម្រាប់អនុវត្តគោលដៅ និងអនុសញ្ញាសាកលដែលកម្ពុជាបានផ្តល់សច្ចាប័ន ។ ៤. កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានទទួលស្គាល់ និងប្រើប្រាស់ទូលំទូលាយ សម្រាប់ជួយដល់គ្រួសារក្រីក្រ និងជនងាយរងហានិភ័យ តាមរយៈកម្មវិធីគាំពាំសង្គម និងសុខភាព ការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការងារលើកកម្ពស់អាហារូបត្ថម្ភ ។ ៥. ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ ព្រមទាំងផលិត និងផ្សព្វផ្សាយស្ថិតិជាតិលើវិស័យចម្បងៗ រួមមាន ស្ថិតិប្រជាសាស្ត្រ សេដ្ឋកិច្ច សុខភាព សង្គមកិច្ច និងកសិកម្ម សម្រាប់ក្រសួង-ស្ថាប័ននានា ប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍ និងការតាមដានត្រួតពិនិត្យតាមវិស័យរបស់ខ្លួន និងលើការងារប្រជាជន និងការអភិវឌ្ឍ ។ លើសពីនេះ ក្រសួងផែនការ ក៏ជាសេនាធិការដ្ឋានរបស់ រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងសម្របសម្រួលការងារក្នុងបរិការណ៍អន្តរជាតិជាច្រើនទៀត រួមមាន ការងារគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការងារពង្រឹងនិងតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ព្រមទាំងការងាររៀបចំការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ក្នុងនោះ សាលាជាតិផែនការ និងស្ថិតិ គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សមួយដ៏មានសារៈសំខាន់លើវិស័យផែនការ ស្ថិតិ និងប្រជាសាស្រ្ត ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ហើយបានដើរតួនាទីថ្នាលបណ្តុះបណ្តាលដ៏មានសារៈសំខាន់ក្នុងការបំប៉នបន្ថែម និងសម្រួច​ចំណេះដឹង និងជំនាញ​ដែល​ខ្វះខាត ឱ្យស្របតាមតម្រូវការចំណេះដឹង និងជំនាញជាក់ស្តែងរបស់មន្រ្តីរាជការក្នុងបរិការណ៍បច្ចេកវិទ្យាឌីជីថល និងរួមចំណែកក្នុងដំណើរការនៃការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈស្រប​តាម​បាវចនា និងគោលដៅយុទ្ធសាស្រ្ត និងអាទិភាពគន្លឹះនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ។

ពាក់ព័ន្ធនឹងគោលនយោបាយជាតិប្រជាជន សម្តេចធិបតី បានបញ្ជាក់ផងដែរថា ការចំណោលប្រជាជនតាមសេណារីយ៉ូសមស្រប ដោយផ្អែកតាមលទ្ធផលជំរឿនទូទៅនៃប្រជាជនឆ្នាំ ២០១៩ បានបង្ហាញថា នៅឆ្នាំ ២០៥០ កម្ពុជាមានប្រជាជនអាយុក្រោម ១៥ ឆ្នាំ ចំនួន ១៥,៥%, ប្រជាជនអាយុ ១៥-៦៤ ឆ្នាំ ចំនួន ៦៧,៥%, និង ប្រជាជនអាយុ ៦៥ ឆ្នាំឡើង មានចំនួន ១៧,១% ។ នេះមានន័យថានៅឆ្នាំ ២០៥០ កម្ពុជាបន្តមានប្រជាជនក្នុងវ័យធ្វើការច្រើនលើសលប់ដដែល ក៏ប៉ុន្តែ ប្រជាជនវ័យចាស់ចាប់ផ្តើមមានចំនួនច្រើនជាងប្រជាជនវ័យក្មេងជាបណ្តើរៗ (គឺ ១៧,១% ទល់នឹង ១៥,៥%) ដែលផលធៀបក្នុងបន្ទុកសេដ្ឋកិច្ចមានចំនួន ៤៨ នាក់ ក្នុងចំណោមកម្លាំងពលកម្ម ១០០នាក់ ដែលបង្ហាញថា កម្ពុជាបន្តមានបន្ទុកសេដ្ឋកិច្ចស្រាល ។ ទោះជាយ៉ាងនេះក្តី សម្តេចធិបតីបានលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិតជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យកង្វះកម្លាំង នាពេលអនាគត ។

ទន្ទឹមនេះ សម្តេចធិបតី ក៏បានផ្តល់នូវទស្សនៈផ្ទាល់ខ្លួន ដោយធ្វើការប្រៀបធៀបការងារ «ផែនការ និង ស្ថិតិ» ទៅនឹង «អណ្តាត និង ធ្មេញ» ដែលមិនអាចខ្វះមួយណាបានឡើយ និងត្រូវការគ្នាទៅវិញទៅមក ជាប្រចាំ ។ ចំណែកការងារ «ប្រជាជន និង ការអភិវឌ្ឍ» ប្រៀបដូចនឹង «ដងខ្លួនមនុស្សទាំងមូល» ។ ក្នុងន័យនេះ ការរៀបចំផែនការមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាមទារនូវទិន្នន័យស្ថិតិសុក្រឹត និងមានគុណភាព ហើយបើមានតែទិន្នន័យ តែមិនយកទៅប្រើប្រាស់ក៏ទិន្នន័យនោះមិនមានតម្លៃដែរ ។ ដូច្នេះ ការងារ “ផែនការ ស្ថិតិ និង ប្រជាជន និងការអភិវឌ្ឍ” ត្រូវ​អនុវត្តដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»​ ដែលប្រព័ន្ធនេះ នឹងបង្កើតជាកម្លាំងចលករយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តការងារកែទម្រង់ព្រមគ្នា និងមានសង្គតិភាពជាមួយគ្នា ទាំងការពង្រឹងអភិបាលកិច្ច និងគុណភាពស្ថាប័ន ។ ក្នុងក្របខ័ណ្ឌ «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ការងារត្រូវអនុវត្តប្រកបដោយសហថាមពល (ការផ្គួបថាមពល​ដោយប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា) មានកិច្ចសហការជិតស្និទ្ធ ផ្ដល់ព័ត៌មាន និងបំពេញឱ្យគ្នាទៅវិញទៅមក ព្រមទាំងមានការទទួលខុសត្រូវ ដើម្បីរួមគ្នាសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយ​អភិវឌ្ឍជាតិ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ដែលបានរួមចំណែកដឹកនាំ គ្រប់គ្រង និងអនុវត្តការងារក្នុងវិស័យផែនការ ស្ថិតិ និង ប្រជាជន និងការអភិវឌ្ឍ រហូតទទួលបាននូវសមិទ្ធផលធំធេងគួជាទីមោទនៈ ជាពិសេស ការអភិវឌ្ឍមូលធនមនុស្សលើវិស័យផែនការ ស្ថិតិ និង ប្រជាសាស្រ្ត ៕

អត្ថបទដែលជាប់ទាក់ទង