ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង៖ សូមអង្គបោះឆ្នោតទូទាំងខេត្តបាត់ដំបងត្រូវដណ្តើមជោគជ័យឱ្យបានដាច់ខាតជូនគណបក្សក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ

49

បាត់ដំបង៖សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសំណេះសំណាលជាមួយអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ទូទាំងខេត្តបាត់ដំបង នៅស្នាក់ការគណបក្សខេត្តបាត់ដំបង។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេច សូមសម្តែងនូវការគោរពអរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ ចូលរួមធ្វើឱ្យគណបក្សប្រជាជនកម្ពុជាយើង ដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតដ៏មានសារសំខាន់នេះ។

ទន្ទឹមនេះ សម្តេចក៏សូមថ្លែងនូវការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួលចាត់ចែងការងារបោះឆ្នោតរបស់គណបក្ស ដោយបានលះបង់នូវកម្លាំងកាយ ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនយ៉ាងច្រើន ក្នុងការចុះបំពេញការងារតាមមូលដ្ឋាន ដើម្បីចិញ្ចឹមចលនា និងការកសាងកម្លាំងនយោបាយនៅតាមមូលដ្ឋាននានា សំដៅពង្រឹង និងលើកកម្ពស់ការចូលរួម ការគាំទ្រ ពីប្រជាពលរដ្ឋ និងអង្គបោះឆ្នោតអសកលមកលើគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើឱ្យគណបក្សទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជា បន្តបន្ទាប់នារយៈពេលកន្លងមក ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចក្រឡាហោ ស ខេង សូមលើកទឹកចិត្តដល់អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តបាត់ដំបង ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ជុំវិញការដឹកនាំរបស់គណបក្ស ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ ដោយធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យសម្បូរសប្បាយរុងរឿងប្រកបដោយភាពសុខដុមរមនា និងសុភមង្គល។

សម្តេចបានផ្តល់នូវអនុសាសន៍លើកិច្ចការសំខាន់ៗមួយចំនួនផងដែរ ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាតជូនគណបក្សក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង មានក្តីសង្ឃឹមជឿជាក់ យ៉ាងមុតមាំលើការប្តេជ្ញាចិត្ត ការចូលរួម និងការគាំទ្ររបស់លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ មន្ត្រីនៃក្រុមការងារ, ថ្នាក់ដឹកនាំ មន្ត្រីនៃ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់នៃខេត្តបាត់ដំបង បេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងអង្គបោះឆ្នោតទាំងអស់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តបាត់ដំបង នឹងរួមគ្នាដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤នេះ៕

អត្ថបទដែលជាប់ទាក់ទង