ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកគ្រូពេទ្យម្នាក់ត្រូវជនប្រដាប់អាវុធចូលបាញ់ ប្រហារដល់បន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង នៅស្រុកអូររាំង រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយតែគ្រាប់មិនផ្ទុះត្រូវសមត្ថកិច្ចចាប់ខ្លួន

78

មណ្ឌលគិរី៖អ្នកគ្រូពេទ្យម្នាក់ ត្រូវបុរសម្នាក់ប្រដាប់ដោយអាវុធ AK 47 ចូលទៅបាញ់ប្រហារបណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង រួចគ្រាប់ផ្លាតទៅត្រូវកូនអាយុ៦ឆ្នាំម្នាក់ទៀត បណ្ដាលឲ្យរងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ជនប្រដាប់អាវុធខាងលើក្រោយបាញ់សម្លាប់ជនរងគ្រោះ បានព្យាយាមបាញ់សម្លាប់ខ្លួនតាមក្រោយដែរ ប៉ុន្ដែគ្រាប់មិនផ្ទុះ។ ជននោះជាមនុស្សមានប្រពន្ធកូនហើយ តែតាមស្រលាញ់ជនរងគ្រោះ ខណៈមុនឈានដល់ការបាញ់ប្រហារនេះ គឺឮសំឡេងឈ្លោះប្រកែកគ្នារវាងជនបង្ក និងជនរងគ្រោះផងដែរ។

លោក ហាក់ ទិត្យឬទ្ធីវង្ស អធិការនគរបាលស្រុកអូររាំង បានឲ្យដឹងថា ខ្មាន់កាំភ្លើងនេះ ប្រើប្រាស់អាវុធម៉ាក AK 47 បាញ់ចំកណ្តាលក្បាលធ្លាយមកឆ្អឹងខ្នង ធ្លាយពីឆ្អឹងខ្នង គ្រាប់កាំភ្លើងផ្លាតទៅត្រូវចំក្មេងស្រីម្នាក់ទៀតបណ្តាលឲ្យរងរបួស ដែលត្រូវជាកូនស្រីរបស់ជនរងគ្រោះតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ កែប កែវកន្និកា អាយុ៣៨ឆ្នាំ មុខរបរពេទ្យ មានទៅលំនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង (ស្លាប់ភ្លាមៗ) ខណៈម្នាក់ទៀតដែលជាកូនស្រី រងរបួសដោយសារគ្រាប់ផ្លាតត្រូវនោះ ឈ្មោះ ជូ សាណា អាយុ៦ឆ្នាំ។ ដោយឡែក ខ្មាន់កាំភ្លើងឈ្មោះ សុខា នុត អាយុ៤១ឆ្នាំ មុខរបរកសិករ។

ជនប្រដាប់អាវុធក្រោយបាញ់សម្លាប់ជនរងគ្រោះ បានព្យាយាមបាញ់សម្លាប់ខ្លួនតាមក្រោយ តែគ្រាប់មិនផ្ទុះ ហើយរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ប៉ុន្ដែត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនវិញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង