ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម លី ធុជ ជួបស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ស្តីពីការផ្តល់សេវាកម្ម និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

77

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី លី ធុជ  អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប លោក Carson Harte នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ (Exceed Worldwide) លោក Marc Slot នាយកអង្គការ ICRC និងលោក Connor លេខាស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាទទួលបន្ទុកកម្មវិធី ACCESS (Australia- Cambodia Cooperation for Equitable Sustainable Services)  ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការផ្តល់សេវាកម្ម និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម.។ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ ការអាជ្ញាធរមីនកម្ពុជា ។

      ក្នុងជំនួបពិភាក្សានោះ តំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណ ចំពោះការចូលរួមរបស់ មជ្ឈមណ្ឌល Exceed Worldwide អង្គការ ICRC និងកម្មវិធី ACCESS ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបីបាច់ថែទាំ និងការផ្តល់សេវាកម្មនានាដល់ជនមានពិការភាព ជាពិសេសជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម រួមទាំងការគាំទ្រសហគមន៍ឱ្យទទួលបាននូវឱកាសអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗ ជាដើម។

   ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា គ្រាប់មីនដែលកប់ក្នុងដីរាប់សិបឆ្នាំ មិនអស់សុពលភាពនោះទេ វានៅតែអាចបង្កនូវគ្រោះថ្នាក់ដល់មនុស្សគ្រប់ពេលវេលា។ ក្នុងនោះគ្រាប់មីនប្រមាណជាង ១១០ លានគ្រាប់ គឹជាគ្រាប់មីនសកម្មត្រូវបានកប់ក្នុងដីនៅប្រទេសជាង ៦០ ជុំវិញពិភពលោក និងបាននឹងកំពុងបង្កគ្រោះថ្នាក់ដល់មនុស្សស្លាប់ ពិការ និងរងរបួសប្រមាណជិត ៥០០០ នាក់ ជារៀងរាល់ឆ្នាំ។ ផលវិបាកនៃជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នីមួយៗ មិនត្រឹមប៉ះពាល់ដល់គ្រួសារប៉ណ្ណោះទេ ប៉ុន្តែប៉ះពាល់សហគមន៍ និងសង្គមជាតិទាំងមូល ហើយកិច្ចសង្រ្គោះជនរងគ្រោះ គឺជាកិច្ចការមួយចាំបាច់មួយផងដែរ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងជនមានពិការភាព គ្រួសារ និងសហគមន៍ ដើម្បីធានាថាជនរងគ្រោះទាំងអស់ទទួលបានសិទ្ធិ និងការគាំទ្រពេញលេញពីរាជរដ្ឋាភិបាល។

      ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះបីកម្ពុជា ទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាគ្រាប់មីនបានច្រើនយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែបន្តរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ ដែលតម្រូវឱ្យមានចូលរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ផងដែរ ៕ ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង