ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមលី ធុជ ជួបលោកស្រី Jane Bateman នាយិកាប្រតិបត្តិ ចក្រភពអង់គ្លេស ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

69

ភ្នំពេញ៖  ឯកឧត្តមទេសរដ្ឋមន្ដ្រី  លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី Jane Bateman នាយិកាប្រតិបត្តិនៃមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤. នៅទីស្នាក់ការអាជ្ញាធរមីន ។

      ក្នុងជំនួបនោះ តំណាង រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអរគុណ ដល់មូលនិធិ Sir Bobby Charlton ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាជួយដល់ការលើកកម្ពស់ការយល់ដឹង និងបង្ការគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋមូលដ្ឋានពីគ្រាប់មីន និងយុទ្ធភ័ណ្ឌទាន់ផ្ទុះ។

     ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានរំលឹកថា៖ មូលនិធិ Sir Bobby Charlton Foundation ត្រូវបានបង្កើតឡើងដោយ Sir Bobby Charlton អតីតវីរបុរសបាល់ទាត់ជំរើសជាតិនៃចក្រភពអង់គ្លេសនៅក្លឹបបាល់ទាត់ Manchester United បន្ទាប់ពី Sir Bobby Charlton មកទស្សនកិច្ចនៅកម្ពុជា និងបានឃើញអំពីការលំបាករបស់អតីតយុទ្ធជន និងជនពិការ ដែលរងគ្រោះដោយសារសង្រ្គាមនៅកម្ពុជា។ មូលនិធិនេះ មានគោលដៅបម្រើការងារមនុស្សធម៌នៅតាមប្រទេសក្រីក្រជាច្រើន លើផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទា សេវាអប់រំ និងសេវាគាំទ្រសង្គមនានា។

       កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចក្រភពអង់គ្លេស អាជ្ញាធរមីន បានចុះហត្ថលេខាជាមួយមូលនិធិ Sir Bobby Charlton Foundation លើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្នែកកិច្ចសង្គ្រោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន មូលនិធិ Sir Bobby Charl ton បានចូលរួមជាមួយរាជរដ្ឋាភិបាល ជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់គ្រួសារមានពិការភាព និងអ្នកដោះមីន ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដនេះតាមរយៈចែកគ្រឿងឧបភោគបរិភោគបានជាង២០០០ គ្រួសារ នៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន ៕  ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង