ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ ដើម្បីយកឈ្នះការនាំចូលបន្លែ ពីក្រៅប្រទេស គឺមានតែការរួមដៃគ្នាដាំជាសហគមន៍ កសិកម្មទំនើប

103

ភ្នំពេញ ៖  ឯកឧត្ដម ឃឹម  ហ្វីណង់  អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ ដើម្បីយកឈ្នះការនាំចូលបន្លែ ពីក្រៅប្រទេស គឺមានតែការរួមដៃគ្នាដាំជាសហគមន៍កសិកម្មទំនើប ដោយផលិតយ៉ាងណាឱ្យបន្លែយើងមានគ្រប់ខែ គ្រប់រដូវ ដូចសណ្តែកគួរចឹង ករណីធម្មជាតិប្រែប្រួលក្តៅខ្លាំង បើដាំលក្ខណៈគ្រួសារខ្វះបច្ចេកទេស ច្បាស់ណាស់ដាំមិនបានផលល្អទេ ។

       ឯកឧត្ដម  ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤  បានថ្លែងបែបនេះ ខណៈឯកឧត្ដម ទទួលជួបប្រជាកសិករអ្នកប្រកបអាជីវកម្មដាំបន្លែមកពីខេត្ដកំពង់ស្ពឺ  ក្នុងគោលបំណង អរគុណអ្នក បច្ចេកទេសចាំជួយ ដែលបានជឿជាក់ និងរង់ចាំគាំទ្រសហគមន៍កសិកម្មទំនើប ជានិច្ច ។

       ដូច្នេះហើយបើយើងរួមគ្នា រកវិធីដាំបានផលបន្លែមានៈ គុណភាព, ផ្គត់ផ្គង់បានគ្រប់រដូវ, តម្លៃសមរម្យ ដែលនៅតែរក្សាបានផលចំនេញ ហើយធូរថ្លៃជាងបន្លែនាំចូល នោះច្បាស់ណាស់ គ្មានឈ្មួញណាទៅនាំចូលទៀតទេ ព្រោះបន្លែក្នុងស្រុកមានគ្រប់គ្រាន់ ទៀងទាត់ គុណភាពមានច្រើនជម្រើសទៀតនោះ ច្បាស់ណាស់យើងប្រកួតប្រជែងជាមួយប្រទេសដទៃបាន។ 

      ជំហានបន្ទាប់ គឺកំលាំងសាមគ្គី នាំគ្នាទិញតែផលិតផលក្នុងស្រុក ព្រោះមានផលិតផលគ្រប់គ្រាន់ហើយ តម្លៃក៏ល្អ គុណភាពក៏ល្អ ព្រោះបើគ្មាន បីចំនុចធំៗ នេះទេ អ្នកគាំទ្រចង់ទិញញ៉ាំក៏ពិបាកដែរ ព្រោះបើយើងមិនមានគ្រប់គ្រាន់ ម្តងមានម្តងអត់ ច្បាស់ណាស់ បន្លែនោះនឹងឡើងថ្លៃ ជាឪកាសដែលឈ្មួញនឹងជ្រេរក ប្រភពពីក្រៅប្រទេស ដែលមានតម្លៃសមរម្យមកលក់ទៀតហើយ។ 

        ដូច្នេះហើយសូមពុកម៉ែបងប្អូន កសិកររួមគ្នាជាកំលាំងតែមួយ តាមរយៈ (សហគមន៍កសិកម្មទំនើប) របស់ក្រសួងកសិកម្ម ចំពោះកសិករដែលមិនទាន់មានលទ្ធភាព បច្ចេកទេស ឬដើមទុនច្រើននៅឡើយ ព្រោះការដាំជាសហគមន៍សម្រាប់តែកសិករទន់ខ្សោយប៉ុណ្ណោះ ចំពោះកសិករដែលខ្លាំងហើយ អាចដឹកនាំដាំខ្លួនឯងបាន។

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវតែងតែ ជួយគាំទ្រផលិតផលបន្លែ ផ្លែឈេីក្នុងស្រុក។ ការជួយទិញនិងគាំទ្របន្លែផ្លែឈេីក្នុងស្រុក គឺជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិយេីង នោះជីវភាពប្រជាពលរដ្ឋបានធូរធារ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង