ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើស ជើងឯកខេត្តកណ្តាល ២០២៣-២០២៤ចាប់ផ្តើមហើយ

376

កណ្តាល៖ការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ ២០២៣-២០២៤ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៤នៅក្រុងតាខ្មៅបានចាប់ផ្តើមជាផ្លូវការ ដោយការប្រកួតប្រព្រឹត្តិនៅតាមទីលានបាល់ទាត់ខេត្តវិទ្យាល័យនៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមរៀបចំដោយ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

សម្រាប់ការប្រកួតអត្តពលកម្មថ្ងៃទី១៨ ខែឧសភា៖ចំពោះវិញ្ញាសាលោតកម្ពស់នារី មេដាយមាសបានទៅលើកីឡាការិនី ទន់ សៀវម៉ី  វិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត មេដាយប្រាក់បានទៅលើកីឡាការិនី ជឿន ណាវី អនុវិទ្យាល័យខ្ពបវែង និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី ប៊ូ លក្ខិណា វិទ្យាល័យជាស៊ីម ព្រែកអញ្ចាញ។

ចំពោះវិញ្ញាសាលោតកម្ពស់បុរស មេដាយមាសបានទៅលើកីឡាករ មាន ចន្នី វិទ្យាល័យហ៊ុន សែន តាខ្មៅ និងមេដាយប្រាក់បានទៅលើកីឡាករ ឃឹម គឹមសៀង  វិទ្យាល័យ ហ៊ុន សែន អូរកុង។ វិញ្ញាសាលោតចម្ងាយនារី មេដាយមាសបានទៅលើកីឡាការិនី ហាំង គីមលៀង វិទ្យាល័យ ជ័យវរ្ម័ន ទី៧ មេដាយប្រាក់បានទៅលើកីឡាការិនីជីវលី បញ្ញា វិទ្យាល័យ កំពង់កន្ទួត និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី ឆៃ ស្រីណូ វិទ្យាល័យ ហ៊ុនសែន តាខ្មៅ។

វិញ្ញាសាលោតចម្ងាយបុរស៖មេដាយមាសបានទៅលើកីឡាករ គង់ សារៈ វិទ្យាល័យ ហ៊ុនសែន អូរកុង មេដាយប្រាក់បានទៅលើកីឡាករ កប ចន្ថា  វិទ្យាល័យ ជាស៊ីម ព្រែកអញ្ចាញ និងមេដាយសំរិទ្ធបានទៅលើកីឡាករ រីម ពិសី  វិទ្យាល័យ កំពង់កន្ទួត។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សសិស្សមធ្យម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៣-២០២៤ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេស។

លោកបានបន្តថា ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕

អត្ថបទដែលជាប់ទាក់ទង