ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ក្នុងខណ្ឌច្បារអំពៅ, សមត្ថកិច្ចប្រើប្រាស់ឡានទឹក៣០គ្រឿង ដើម្បីជួយសង្គ្រោះ

45

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតអស់ផ្ទះ១ខ្នងទាំងស្រុង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះចំនួន៣ខ្នង ខូចខាត៥០ភាគរយ។ ហេតុការណ៍នេះបានបង្កឲ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ៧៖៥០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក បានបន្តទៀតថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់១៧ឡាន ស្មើរនឹង៦៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប, អូរបរពន្លត់អគ្គិភ័យរបស់ការិយាល័យចរាចរណ៍ផ្លូវទឹក ចំនួន០១គ្រឿង, រថយន្តរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តរបស់ទីក្រុង កោះនរា ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តរបស់ទីក្រុង កោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប និងរថយន្តរបស់ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។

ចំពោះប្រភេទសំណង់ខាងលើនេះ គឺ ឈើប្រក់ស័ង្កសី ទំហំ (៤ម៉ែត្រ គុណ១៥ម៉ែត្រ) ឆេះខូចខាតខូចខាតអស់ផ្ទះ០១ខ្នងទាំងស្រុង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះចំនួន០៣ខ្នង ខូចខាត ៥០%។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៩និង០០នាទីព្រឹកនាថ្ងៃដដែល។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការអគ្គីសនីបង្កជាអគ្គិភ័យ តែមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង