ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបឧបនាយករដ្ឋមន្ត្រីវៀតណាម ប្រាប់ព័ត៌មានពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ

79

ក្រុងតូក្យូជប៉ុន៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា អភិ វឌ្ឍន៍កម្ពុជា បានឆ្លៀតជួបជាមួយឯកឧត្ដមលី មិញ ខៃ (Lee Minh Khai) ឧបនាយក រដ្ឋមន្ត្រីវៀតណាម ក្នុងពេលអញ្ជើញចូលរួមវេទិកា «អនាគតរបស់អាស៊ី» ដែលរៀបចំ ឡើង ដោយក្រុមហ៊ុន Nikkei របស់ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផ្តល់ ព័ត៌ មានមួយចំនួនពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ។

ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីនៃប្រទេស ទាំងពីរ បានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា របស់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បើទោះបីពិភពលោកកំពុងស្ថិតក្នុង ស្ថាន ការណ៍ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាវ និងមិន ប្រាកដ ប្រជាក៏ដោយ។

ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់ តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើ ស្មារ តី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយ និងស្ថិរភាពយូរអង្វែង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញការតាំងចិត្ត និងស្នើឱ្យមានការ ចូលរួមពីភាគីមិត្តវៀតណាម ធ្វើយ៉ាងណាសម្រេចទិសដៅក្នុងការបង្កើនទំហំពាណិជ្ជ កម្មរវាង ប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារអាមេរិក នៅថ្ងៃអនាគតដ៏ខ្លីខាង មុខ។

ក្នុងជំនួបនោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់លម្អិតបន្ថែមអំពី គម្រោង ព្រែកជីកហ្វូណនតេជោ ជូនលោកឧបនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ឯកឧត្ដម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គម្រោងនេះជាព្រែកជីក ដែលជីកលើ តម្រាយ ខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ។

គម្រោងនេះ កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតអស់រយៈពេល ២៦ខែ ដោយមានការ ចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់ ដែលក្នុងនោះមានកម្រិត ជំនាញជាសាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន ១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន ៣០នាក់ និងកម្រិតវិស្វករចំនួន ៧នាក់ ដែលសុទ្ធសឹងដែលមានជំនាញនិងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។

ឯកឧត្ដមស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវទឹកនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។

ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨,០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១,៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣ភាគរយ។

បន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយ និងការផ្តល់ទិន្នន័យយ៉ាងជាក់លាក់ ចំពោះគម្រោងនេះ ភាគីគណៈប្រតិភូវៀតណាមបានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងសម្តែងការយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្ដមឧបនាយក រដ្ឋមន្ត្រី ដោយសង្ឃឹមថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង