ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាព្រឹត្តិការណ៍សមាធិដែលនឹងមានព្រះសង្ឃ ៥០០០អង្គ នៅមុខវត្តឧណ្ណាលោម ដើម្បីឧទ្ទិសកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

34

ភ្នំពេញ៖រាជរដ្ឋាភិបាល ក្រសួងធម្មការ និងគណៈសង្ឃនាយក នឹងរៀបចំមហាព្រឹត្តិការណ៍នៅមុខវត្តឧណ្ណាលោម នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែឧសភា នេះ ដែលជាការបដិបត្តិសមាធិរបស់ព្រះសង្ឃ៥០០០អង្គ ដើម្បីឧទ្ទិសកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ហើយសាធារណជនអាចចូលរួមតាមក្ដីជ្រះថ្លា ។

នាឱកាសផ្ដល់បទសម្ភាសន៍ខ្លីមួយដល់ក្រុមអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈគ្រប់គ្រងវត្តឧណ្ណាលោម បានមានបន្ទូលថា រាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃបូជាថ្វាយព្រះភ្លើងដល់ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ហេតុនេះរាជរដ្ឋាភិបាល ក្រសួងធម្មការ និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចរៀបចំមហាព្រឹត្តិការណ៍មួយគឺការបដិបត្តិសមាធិ ដោយមានព្រះសង្ឃចំនួន ៥ ០០០ អង្គ និមន្តចូលរួម ហើយព្រះសង្ឃ ពុទ្ធបរិស័ទ និងជនានុជនជិតឆ្ងាយក៏អាចនិមន្ត និងអញ្ជើញចូលរួមតាមសេចក្ដីជ្រះថ្លាដោយពុំមានកំណត់ចំនួន ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មហាកុសល និងមហាសាមគ្គីនេះ កិច្ចានុកិច្ចនឹងចាប់ផ្ដើមតាំងពីម៉ោង ៣ រសៀល នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នាទីលានមុខវត្តឧណ្ណាលោម ខាង ជើងព្រះបរមរាជវាំង ហើយកិច្ចពិសមាធិ នឹងចាប់ផ្ដើមនៅម៉ោង៥ល្ងាច ។

ទោះយ៉ាងណា សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានបញ្ជាក់ថា ដោយសារព្រឹត្តិការណ៍នេះ មានព្រះសង្ឃច្រើននិមន្តចូលរួម ហេតុនេះគណៈកម្មការ រៀបចំអាសនៈ ពោលគឺកន្លែងគង់ធ្វើសមាធិ សម្រាប់តែព្រះសង្ឃ ៥ ០០០ អង្គ ប៉ុណ្ណោះ ចំណែកព្រះសង្ឃ ពុទ្ធបរិស័ទ និងជនានុជនជិតឆ្ងាយ ដែលនឹងនិមន្តអញ្ជើញចូលរួមក្នុងពិធីសមាធិនោះ សូមមេត្តានាំគ្រឿងសម្រាប់គង់ ឬអង្គុយ ដូចជាកម្រាលជាដើមដោយអង្គ និងខ្លួនឯង ហើយក្រុមការងារនឹងរៀបចំទីតាំងសម្រាប់ប្រគេន និងជូនដោយសមគួរ ៕

អត្ថបទដែលជាប់ទាក់ទង