ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់អាកាសចរស៉ិវិល ច្រានចោលព័ត៌មាន The Mirror ដែលបានចុះផ្សាយថា បំណែកយន្តហោះ MH370 ត្រូវបានរកឃើញនៅក្នុងព្រៃដ៏ជ្រៅបំផុត នៅប្រទេសកម្ពុជា

37

ភ្នំពេញ៖ឯកឧត្ដមស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យអាកាសចស៉ីវិល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលការចុះផ្សាយរបស់សារព័ត៌មានមួយរបស់អង់គ្លេសឈ្មោះ The Mirror ដែលបានផ្សាយថា «អាថ៌កំបាំង MH370 ត្រូវបានលាតត្រដាងដោយ Google Maps ខណៈដែលបំណែកយន្តហោះ ត្រូវបានរកឃើញនៅក្នុងព្រៃដ៏ជ្រៅបំផុត នៅប្រទេសកម្ពុជា»

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការចុះផ្សាយរបស់ព័ត៌មាន The Mirror អំពីយន្តហោះ MH370 នៅកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ។

ឯកឧត្ដមសិរីវុត្ថា បានបញ្ជាក់ថា ទាំងខ្លឹមសារព័ត៌មាន និងរូបភាពដែលចុះផ្សាយនេះ ធ្លាប់បានចុះផ្សាយម្តងរួចមកហើយ កាលពីប្រមាណ៨ឆ្នាំមុន ហើយទើបត្រូវបានយកមកកែថ្ងៃខែឆ្នាំ ផ្សព្វផ្សាយជាថ្មីម្តងទៀតនៅពេលថ្មីៗនេះ ដែលបង្កើតឱ្យមានការភាន់ច្រឡំ។

តែយ៉ាងណាឯកឧត្ដមបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ប្រសិនបើមានសំណើសុំបើកការស៊ើបអង្កេតករណីនេះ។

យន្តហោះ Boeing 777 នៃជើងហោះហើរ MH370 មានអ្នកដំណើរចំនួន ២២៧នាក់ និងពីឡុត ១២នាក់នៅលើនោះ ហើយបានបាត់ខ្លួនក្នុងពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤។

ចាប់តាំងពីយន្តហោះនោះបាត់ខ្លួនក្នុងដែនអាកាសមក ដំណើរការស្វែងរក ២លើកបានបរាជ័យ។ ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ការរុករកក្រោមបាត់សមុទ្រ ដែលចំណាយថវិកាអស់ជាង ១៣០លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០១៧ ដោយមិនទទួលបានផ្លែផ្កា។

ក្រោយមកនៅឆ្នាំ ២០១៨ ម៉ាឡេស៉ីបានសហការជាមួយក្រុមហ៊ុន Ocean Infinity ដើម្បីស្វែងរកមហាសមុទ្រឥណ្ឌាភាគខាងត្បូង ហើយប្រកាសផ្តល់ថវិកា ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះនោះ៕

អត្ថបទដែលជាប់ទាក់ទង