ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Zelenskiy អំពាវនាវដល់ លោក Joe Biden និងលោក Xi Jinping ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស នាខែក្រោយនេះ

40

ក្រុងគៀវ៖ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃអាទិត្យនេះ បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ខណៈដែលអ៊ុយក្រែនកំពុងតស៊ូទប់ទល់នឹងការវាយប្រហារឥតឈប់ឈរពីសំណាក់រុស្ស៊ី ក្នុងការឈ្លានពានជាង ២៧ខែមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

អ៊ុយក្រែនគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៃបណ្តាប្រទេសមួយចំនួនធំនៅក្នុងកិច្ចចរចាដែលដឹកនាំដោយ ទីក្រុងគៀវក្នុងប្រទេសស្វីសនាខែក្រោយ ក្នុងគោលបំណងបង្រួបបង្រួមមតិជាសាកលអំពីរបៀបបញ្ឈប់សង្រ្គាម និងបង្កើនសម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលមិនត្រូវបានអញ្ជើញ។

នៅក្នុងវីដេអូជាភាសាអង់គ្លេសដែលបានត្រូវថត នៅទីក្រុង Kharkiv ភាគឦសាន នៅខាងក្នុងសំណល់អគារ នៃរោងពុម្ពដែលត្រូវបានបំផ្លាញ ដោយការវាយប្រហារដោយមីស៊ីលរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ លោក Zelensky បានប្រកាសថា ប្រទេសជាង៨០ នឹងចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ។

លោក Zelenskiy មានប្រសាសន៍ដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់មេដឹកនាំពិភពលោក ទៅកាន់ប្រធានាធិបតី Biden មេដឹកនាំសហរដ្ឋអាមេរិក និងប្រធានាធិបតី Xi Jinping ដែលជាមេដឹកនាំនៃប្រទេសចិន…សូមបង្ហាញភាពជាអ្នកដឹកនាំរបស់អ្នកក្នុងការជំរុញសន្តិភាព ដែលសន្តិភាពពិតប្រាកដ និងមិនមែនគ្រាន់តែជាការផ្អាកការប៉ះទង្គិចគ្នានោះទេ»។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបន្ថែមថា កិច្ចប្រជុំកំពូល «នឹងបង្ហាញថាអ្នកណានៅលើពិភពលោកនេះ ពិតជាចង់បញ្ចប់សង្រ្គាមមែន»។

គួរជម្រាបថា ការអំពាវនាវរបស់ លោក Zelensky នេះវាបានបង្ហាញពីភាពមិនប្រាកដប្រជាថា តើលោក Biden នឹងចូលរួមដែរឬទេ ខណៈប្រទេសចិនក៏មិនបានបញ្ជាក់ពីការចូលរួមរបស់ខ្លួនដែរ។ នៅក្នុងផែនការសន្តិភាពរបស់ខ្លួន ទីក្រុងគៀវអំពាវនាវឱ្យមានការដកកងកម្លាំងរុស្ស៊ីទាំងស្រុង និងការស្ដារឡើងវិញនូវព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលជាអ្វីដែលទីក្រុងម៉ូស្គូចាត់ទុកថា មិនអាចអនុវត្តបានទេ។

ប្រភព រុស្ស៊ី ថ្មីៗ នេះ បាន បង្ហាញ ថា លោក ពូទីន ត្រៀម ខ្លួន ចរចា បទ ឈប់ បាញ់ ដោយ ផ្អែក លើ ខ្សែ សមរភូមិ បច្ចុប្បន្ន។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឆ្លើយតបការលើកឡើងនេះ ដោយចោទប្រកាន់លោក ពូទីន ពីការប៉ុនប៉ងធ្វើឱ្យកិច្ចប្រជុំកំពូលនៅប្រទេសស្វីស ដោយសារតែភ័យខ្លាចចំពោះជោគជ័យរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង