ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រសិទ្ធនាមជាផ្លូវក្រវាត់ក្រុងទី៣ ជា «មហាវិថីស៊ីជីនពីង»

98

ភ្នំពេញ៖ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវជាតិ១ ត្រូវបាន ប្រសិទ្ធ នាមជា «មហាវិថីស៊ីជីនពីង»។

     ពិធីបើកផ្ទាំង «មហាវិថីស៊ីជីនពីង» ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

«មហាវិថី ស៊ី ជីនពីង» មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤,០០០ គីឡូម៉ែត្រនៅកម្ពុជា ។

តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា «មហាវិថី ស៊ី ជីនពីង»។ ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន៕

អត្ថបទដែលជាប់ទាក់ទង