ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសភាអ៊ុយក្រែន ៖ ដើម្បីជួយស្តារបូរណភាពដែនដី និង សន្តិភាពនៅអ៊ុយក្រែន បានអំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះនិងបានអញ្ជើញសម្តេចតេជោ និងសម្តេចធិបតីទៅអ៊ុយក្រែន

52

ភ្នំពេញ៖លោក រូស្លាន ស្តេហ្វានឈុក ប្រធានសភាអ៊ុយក្រែន បានអញ្ជើញ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅ ប្រទេស អ៊ុយក្រែន។

ការអញ្ជើញនេះ ធ្វើឡើងតាមរយៈជំនួបតាមប្រព័ន្ធវីដេអូ រវាងលោក រូស្លាន ស្តេហ្វាន ឈុក ជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ។

តបតាម ការអញ្ជើញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងឆ្លើយ តប ក្នុង ពេលវេលាសមស្របណាមួយ។

ក្នុងជំនួបខាងលើនេះសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានសភាអ៊ុយក្រែន បានជជែកលើបញ្ហាជាច្រើនពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោក ស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតនៅប្រទេសអ៊ុយក្រែន អស់ រយៈពេលជាង២ឆ្នាំកន្លងមកនេះ។ សម្ដេចតេជោ ក៏បានបញ្ជាក់ថាកម្ពុជាធ្លាប់ឆ្លង កាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនា ដែល ប្រជាជន អ៊ុយក្រែនកំពុងជួបប្រទះនាពេលនេះ។

សម្តេចតេជោ ក៏បានរំលឹកពីការជួបសន្ទនាតាមទូរស័ព្ទចំនួន២ដងជាមួយលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងពីរ។

លោកប្រធានសភា បានអរគុណសម្តេចតេជោ នូវពាក្យពេចន៍ប្រកបដោយសមានចិត្ត និងកក់ក្តៅបំផុត ជូនចំពោះប្រជាជនអ៊ុយក្រែន។

លោកប្រធានសភា បានលើកឡើងប្រធានបទចំនួន៣ ជូនសម្តេចតេជោ ហ៊ុន សែន រួមមាន៖

ទី១) ប្រទេសអ៊ុយក្រែនបានលើក១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និង សន្តិភាព និងអំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ។

ទី២) ការដោះមីន នៅអ៊ុយក្រែន គឺជាកិច្ចការសំខាន់ណាស់ ហើយកម្ពុជា គឺមានបទ ពិសោធន៍ដ៏មានតម្លៃមិនអាចថ្លៃបានក្នុងការដោះមីន។ ចំណុចនេះ លោកប្រធានសភា ស្នើសុំការគាំទ្រពីសម្តេចតេជោ និងទន្ទឹងរង់ចាំកម្ពុជា ចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែនផងដែរ។

ទី៣) ក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន លោក ប្រធាន សភា បានអញ្ជើញ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទៅបំពេញ ទស្សកិច្ច នៅ អ៊ុយ ក្រែន និងសុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយ អាស៊ាន។ លោកក៏បាន សូមគោរពអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីក្រុងគាវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែន។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានបញ្ជាក់ថា សម្តេច នឹងយករូបមន្ត១០ចំណុច ទៅពិចារណា។

ពាក់ព័ន្ធបញ្ហាមីននៅអ៊ុយក្រែន សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច មានការសោកស្តាយដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែន បានទេ ដោយសាររដ្ឋធម្មនុញកម្ពុជា មិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងដោះមីន នៅក្រៅឆ័ត្រអង្គការសហប្រជាជាតិ។ កម្ពុជា ធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន។ សម្តេចបានបញ្ជាក់ថា កម្ពុជា នឹងពិនិត្យមើលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀត ដោយសហការជា មួយនឹងជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង