ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ចាត់ទុកវត្តមាន លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមចំណែក លើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា

48

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកវត្តមានរបស់ស្តេចប្រដាល់ហ្វីលីពិន លោក ម៉ានី ប៉ាគីអាវ លើទឹកដីកម្ពុជា នឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះ នៅក្នុងជំនួបជាមួយលោក ម៉ានី ប៉ាគីអាវ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោក ម៉ានី ផាគីអាវ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបាន ចំណាយ ពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ស្តេចប្រដាល់របស់ហ្វីលីពិនរូបនេះ ក៏បានសម្តែងក្តីរីករាយដែលបានចូលរួមជាមួយកម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ របស់លោកពាក់ព័ន្ធវិស័យកីឡាប្រដាល់។

លោក ម៉ានី ប៉ាគីអាវ បានជម្រាបជូនសម្តេចធិបតីថា កីឡាប្រដាល់ គឺប្រភេទកីឡា មួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារការហ្វឹកហាត់ខ្លាំងក្លា វិន័យ ខ្ពស់ ជាមួយការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបានអាជីព ជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។

លោក ម៉ានី ប៉ាគីអាវ ក៏បានជម្រាបជូនសម្ដេចធិបតីផងដែរថា លោកនឹងចូលរួមលើ ក ស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៅកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ានី ប៉ាគីអាវ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី២ បន្ទាប់ពីដំណើរទស្សនកិច្ច លើក ទី មួយធ្វើឡើងនៅឆ្នាំ២០១៦ ដែលពេលនោះ លោកបានអមដំណើរលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) អតីតប្រធានាធិបតីហ្វីលីពីន បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

សម្ដេចធិបតី ក៏បានរំលេចថា វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង