ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រសៀលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក»

90

ភ្នំពេញ៖នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ ជួបសំណេះ សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក»

កម្មវិធីជួបជុំទ្រង់ទ្រាយធំ និងមហោឡារិកនេះ រៀបចំឡើងដោយសមាគមសិល្បករខ្មែរ មានការអញ្ជើញចូលរួមពីសិល្បករ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកជំនួញ សរុបជិត ៣០០០នាក់។

កម្មវិធីជួបជុំនេះ កើតមានឡើងបន្ទាប់ពីសមាគមទើបនឹងបោះឆ្នោតឆ្នោតជ្រើសតាំង អ្នក ឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់ អាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។

ការជួបជុំនេះ ជាឱកាសមួយ ទទួល យកនូវ អនុសាសន៍ ថ្មីៗពីសម្តេចធិបតីប្រមុខ រាជ រដ្ឋាភិបាលកម្ពុជា ដើម្បីសមាគម យក ទៅអនុវត្តន៍រួមចំណែកអភិរក្ស អភិវឌ្ឍ និងលើក ស្ទួយវប្បធម៌សិល្បៈជាតិខ្មែរ។

បន្ថែមពីលើនោះកម្មវិធីដែលធ្វើឡើងក្រោមទិស «រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី» គឺជា ការចងចាំ និងដឹងគុណដល់គ្រប់ស្ថាបនិកសមាគម និងសិល្បកររៀមច្បង គ្រប់ជំនាន់ ហើយ ក៏ជាសក្ខីភាពនៃការចាប់ផ្តើមការកសាងធនធានសិល្បករជំនាន់ថ្មីពីព្រឹទ្ធ សិល្ប ករ ដែលជារៀមច្បង ក្នុងក្តីរំពឹងថា សិល្បៈវប្បធម៌ខ្មែរ នឹងបន្តអត្ថិភាព ជានិច្ចនិរន្តន៍។

សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានបង្កើតឡើងនៅឆ្នាំ២០០៦ មកដល់ ពេល នេះ មានរយៈពេល ១៧ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមសិល្បករ រៀម ច្បង។ គិតមកដល់ពេលនេះមានរយៈពេល៦អាណត្តិហើយ ក្នុងនោះអាណត្តិទី១ ដឹកនាំដោយលោក អៀង ស៊ីធុល, អាណត្តិទី២ ដឹកនាំដោយ លោក មិញ សុធីវណ្ណ, អាណត្តិទី៣ និងទី៤ ដឹកនាំដោយដោយលោក សុះ ម៉ាច និងអាណត្តិទី៥ ដោយលោកស្រី ចន ច័ន្ទលក្ខិណា។

បន្ទាប់ពីជាប់ឆ្នោតដឹកនាំសមាគមសិល្បករខ្មែរអាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ អ្នក ឧកញ៉ា ម៉ៅ ចំណាន បានធ្វើសកម្មភាពជាច្រើនក្នុងការ រៀប ចំរចនាសម្ព័ន្ធដឹកនាំសមាគមឱ្យបានល្អប្រសើរ។

ត្រឹមតែរយៈពេល៣សប្តាហ៍ប៉ុណ្ណោះ សមាគមបានខិតខំប្រឹងប្រែងរៀបចំ ទីស្នាក់ការ សមា គម ឱ្យបានសមរម្យ ដើម្បីជាមូលដ្ឋានរដ្ឋបាលសម្រាប់ឱ្យសិល្បករ ដែលជាសមា ជិក អចិន្ត្រៃយ៍របស់សមាគមមានទីកន្លែងបំពេញការងាររបស់ខ្លួន។

សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគម និងអ្នកឧកញ៉ាជាប្រធានសមាគម ក៏បាន ពិភាក្សា រៀបចំសមាសភាព គណៈកម្មការប្រតិបត្តិ និងបទបញ្ជាផ្ទៃក្នុង និងបានធ្វើការ ប្រជុំជាញឹកញាប់អំពីផែនការជាទស្សនវិស័យ និងចក្ខុវិស័យរបស់សមាគម។ មិនត្រឹម តែ ប៉ុណ្ណោះ សមាគមថែមទាំងបានអញ្ជើញសិល្បករគ្រប់ទម្រង់ជាច្រើន រូបដែល សុទ្ធ សឹងជាសិល្បករដែលមានបទពិសោធន៍យូរឆ្នាំមកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកគន្លឹះសំខាន់ៗដើម្បីជាធាតុចូលក្នុងការគ្រប់គ្រងដឹកនាំសមាគម និង ពិនិត្យ ភាព អវិជ្ជ មានផ្សេងៗដើម្បីធ្វើការកែទម្រង់។

ចំណែកឯកិច្ចការសប្បុរសធម៌វិញ សមាគមបានចុះសួរសុខទុក្ខដល់សិល្បករចាស់ជរា មានដូចជាវីរៈសិល្បករចាប៉ីដងវែង លោកតា គង់ ណៃ ដែលសម្រាកនៅមន្ទីរពេទ្យ និង លោកយាយភរិយាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងសិល្បករមួយ ចំនួន ដែល ជួបបញ្ហាបាត់បង់ជីវិត ឬគ្រួសារត្រូវបានបាត់បង់ជីវិត។ លើសពីនោះទៀត សមាគមក៏ បាន រួមចំណែកបរិច្ចាគដល់កម្មវិធីសម្ដែងសិល្បៈមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីនេះ អ្នកឧកញ៉ាប្រធានសមាគម រួមជាមួយគណៈគ្រប់គ្រងសមាគម ក៏ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឱ្យចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍មួយចំនួនផងដែរ។

ក្នុងជំនួបសម្តែបការគួរសមនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភ ថវិកា ទ្រទ្រង់ សកម្មភាពសមាគមរយៈពេល៥ឆ្នាំ ក្នុងមួយឆ្នាំ១០ម៉ឺនដុល្លារ។

សម្តេចតេជោ បានថ្លែងកោតសរសើរការចាប់ផ្តើមអាណត្តិថ្មីរបស់សមាគម មានភាព រឹងមាំ សាមគ្គីភាព និងមានរចនាសម្ព័ន្ធដឹកនាំ និងមានលទ្ធភាពខ្ពស់ក្នុងការធ្វើ សកម្ម ភាព នានា។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹង តួនាទី របស់ សិល្បករសម្រាប់រយៈពេលវែង ដូចជាជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយនៅពេលរៀនចប់ ជួយពួកគេរកការងារធ្វើ។

សម្តេចតេជោ បានណែនាំឱ្យពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សាតម្លៃសិល្បករ សិល្បការិនី៕

អត្ថបទដែលជាប់ទាក់ទង