ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពតាមសំណើរបស់អ្នកឧកញ៉ា ម៉ៅ ចំណាន លើការអនុគ្រោះពន្ធដល់ស្នាដៃវណ្ណកម្ម របស់សមាគមសិល្បករខ្មែរ

41

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រីកម្ពុជា បានឯកភាពតាមសំណើរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ តាមរយៈការអនុគ្រោះពន្ធ ដល់ស្នាដៃវណ្ណកម្ម របស់សមាគមសិល្បករខ្មែរ។

ការឯកភាពតាមសំណើរនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ ជួបសំណេះ សំណាល និងពិសារអាហារសាមគ្គី ជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកឧកញ៉ា ប្រធានសមាគម បានស្នើសុំលើកលែងពន្ធ ចំពោះការផលិតស្នាដៃវប្បធម៌ របស់សមាគមសិល្បករខ្មែរ […] ខ្ញុំឯកភាពជាគោលការណ៍ ហើយចាំជជែកជាមួយនឹងពន្ធដារ ដើម្បីជួយនៅក្នុងកិច្ចការងារនេះ»។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ បានប្រកាសចូលរួមជួយឧបត្ថម្ភ ដល់សមាគមសិល្បករខ្មែរ ក្នុងរយៈពេល៥ឆ្នាំ ដោយក្នុងមួយឆ្នាំ ចំនួន១០ម៉ឺនដុល្លារផងដែរ។

សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានបង្កើតឡើងនៅឆ្នាំ២០០៦ មកដល់ ពេល នេះ មានរយៈពេល ១៧ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមសិល្បករ រៀម ច្បង។

គិតមកដល់ពេលនេះ មានរយៈពេល៦អាណត្តិហើយ ក្នុងនោះអាណត្តិទី១ ដឹកនាំដោយលោក អៀង ស៊ីធុល, អាណត្តិទី២ ដឹកនាំដោយ លោក មិញ សុធីវណ្ណ, អាណត្តិទី៣ និងទី៤ ដឹកនាំដោយដោយលោក សុះ ម៉ាច និងអាណត្តិទី៥ ដោយលោកស្រី ចន ច័ន្ទលក្ខិណា។

បន្ទាប់ពីជាប់ឆ្នោត ដឹកនាំសមាគមសិល្បករខ្មែរអាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ អ្នក ឧកញ៉ា ម៉ៅ ចំណាន បានធ្វើសកម្មភាពជាច្រើន ក្នុងការ រៀបចំរចនាសម្ព័ន្ធ ដឹកនាំសមាគមឲ្យបានល្អប្រសើរ។

ត្រឹមតែរយៈពេល៣សប្តាហ៍ប៉ុណ្ណោះ សមាគមបានខិតខំប្រឹងប្រែង រៀបចំ ទីស្នាក់ការ សមា គម ឲ្យបានសមរម្យ ដើម្បីជាមូលដ្ឋានរដ្ឋបាលសម្រាប់ឲ្យសិល្បករ ដែលជាសមា ជិក អចិន្ត្រៃយ៍របស់សមាគម មានទីកន្លែងបំពេញការងាររបស់ខ្លួន។

សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគម និងអ្នកឧកញ៉ាជាប្រធានសមាគម ក៏បាន ពិភាក្សា រៀបចំសមាសភាព គណៈកម្មការប្រតិបត្តិ និងបទបញ្ជាផ្ទៃក្នុង និងបានធ្វើការ ប្រជុំជាញឹកញាប់អំពីផែនការ ជាទស្សនវិស័យ និងចក្ខុវិស័យរបស់សមាគម។

មិនត្រឹម តែ ប៉ុណ្ណោះ សមាគមថែមទាំងបានអញ្ជើញសិល្បករគ្រប់ទម្រង់ជាច្រើន រូប ដែល សុទ្ធ សឹងជាសិល្បករដែលមានបទពិសោធន៍យូរឆ្នាំមកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកគន្លឹះសំខាន់ៗដើម្បីជាធាតុចូល ក្នុងការគ្រប់គ្រងដឹកនាំសមាគម និង ពិនិត្យ ភាព អវិជ្ជ មានផ្សេងៗដើម្បីធ្វើការកែទម្រង់។

ចំណែកឯកិច្ចការសប្បុរសធម៌វិញ សមាគមបានចុះសួរសុខទុក្ខដល់សិល្បករចាស់ជរា មានដូចជាវីរៈសិល្បករចាប៉ីដងវែង លោកតា គង់ ណៃ ដែលសម្រាកនៅមន្ទីរពេទ្យ និង លោកយាយភរិយាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងសិល្បករមួយ ចំនួន ដែល ជួបបញ្ហាបាត់បង់ជីវិត ឬគ្រួសារត្រូវបានបាត់បង់ជីវិត។

លើសពីនោះទៀត សមាគមក៏ បាន រួមចំណែកបរិច្ចាគដល់កម្មវិធីសម្ដែងសិល្បៈមួយចំនួនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង