ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ ប្រគេនថ្វាយសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះចៅអធិការវត្តបទុមវតី រាជវរារាម

71

ភ្នំពេញ៖លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកទេយ្យវត្ថុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនថ្វាយសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តបទុមវតី រាជវរារាម ដែលកំពុងអាពាធ។

លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងឱ្យដឹងថា ទេយ្យវត្ថុប្រគេនថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត រួមមាន៖ ទឹកត្រចៀកកាំមួយកន្ដ្រកធំ, ភេសជ្ជៈ Ensure មួយកន្ដ្រកធំ និងមួយកេស, ផ្លែប៉ោមមួយកន្ដ្រក និងមួយកេសធំ, ត្រីងៀតមួយកន្ដ្រក អង្ករ៥០គីឡូក្រាម និងថវិកាមួយចំនួន។

ក្នុងឱកាសនោះ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បានមានព្រះពុទ្ធដិការ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា។

ទន្ទឹមនឹងនោះសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បានជូនពរសព្ទសាធុការដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រីធីតា និងចៅៗ សូមជួបប្រទះនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បានឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងលោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង៕

អត្ថបទដែលជាប់ទាក់ទង