ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី៖ ការចូលរួមជាចំណែកក្នុងអង្គការផ្ទះបាយកុមារ គឺជាផ្នែកមួយនៃបេសកកម្មរយៈពេល៤៥ឆ្នាំ របស់ស.ស.យ.ក

112

ភ្នំពេញ៖នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញចូលរួមអបអរសាទរខួបកំណើតកុមាររួមគ្នាចំនួន៥៥០នាក់ ជាមួយកុមារដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារ នាឱកាសទិវាកុមារអន្តរជាតិ។

មិនខុសពីឆ្នាំមុនៗដែរ ក្នុងឱកាសទិវាកុមារអន្តរជាតិ ០១ មិថុនាឯកឧត្ដមហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់ប្អូនៗកុមារា កុមារី នៃអង្គការផ្ទះបាយកុមារ ជាមួយនឹងការនាំមកនូវសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម្ត ចំណីអាហារ ក្នុងនោះក៏មាននំខេកដើម្បីរៀបចំខួបកំណើតរួមគ្នា សម្រាប់ចែកជូនដល់កុមារនៅអង្គការផ្ទះបាយកុមារ។

ឯកឧត្ដមហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ការចូលរួមចំណែកក្នុងអង្គការផ្ទះបាយកុមារ គឺជាផ្នែកមួយនៃបេសកកម្មរយៈពេល ៤៥ ឆ្នាំ របស់ស.... ដែលយើងខិតខំប្រឹងប្រែង រួមចំណែក លះបង់ និងដឹកនាំចលនាតែមួយដើម្បីកិច្ចការងារសង្គម»។ឯកឧត្ដមបន្តថា បេសកកម្មនេះ នឹងបន្តតទៅមុខបន្ថែមទៀត។

ឯកឧត្ដម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ លោកពូ ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ ដែលបានបន្តឆន្ទៈ ក្នុងការប្រឹងប្រែងជួយគាំទ្រដល់ប្អូនៗ។ ឯកឧត្ដមបានថ្លែងអំណរគុណដល់សប្បុរសជន សមាជិក សមាជិកា ស.ស.យ.ក. ក្រុមហ៊ុនឯកជន អាជ្ញាធរ ដែលបានចូលរួមឧបត្តម្ថ និងជួយសម្របសម្រួលដល់អង្គការផ្ទះបាយកុមារ។

ឯកឧត្ដមហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ថា លោក និងសហការី នឹងមិនទៅណាចោលប្អូននោះទេ យ៉ាងហោចណាស់ក៏ព្យាយាមជួប ២ ដងក្នុងមួយឆ្នាំដែរ គឺក្នុងថ្ងៃទិវាសិទ្ធកុមារអន្តរជាតិ និងទិវាបុណ្យណូអ៊ែល៕

អត្ថបទដែលជាប់ទាក់ទង