ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Narendra Modi ទំនងជាឈ្នះការបោះឆ្នោតឥណ្ឌាក្នុងអាណត្តិថ្មី ខណៈលទ្ធផលផ្លូវការនឹងចេញនៅថ្ងៃទី៤ មិថុនា

48

ញូវដែលី៖ សេចក្តីសង្ខេប នៃ ការបោះឆ្នោត ចេញផ្សាយ ដោយប៉ុស្តិ៍ព័ត៌មាន NDTV របស់ឥណ្ឌា បានឱ្យដឹងថា សម្ព័ន្ធភាពដឹកនាំដោយគណបក្ស Bharatiya Janata របស់នាយករដ្ឋមន្ត្រី លោក Narendra Modi ត្រូវបានគេរំពឹងថានឹងឈ្នះសំលេងភាគច្រើនពីការបោះឆ្នោតសកល ដែលបានបិទបញ្ចប់នៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ ២០២៤។

ការស្ទង់មតិចំនួនពីរបង្ហាញថា ក្រុមចម្រុះនៃសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដែលកំពុងកាន់អំណាច អាចឈ្នះច្រើនជាង ៣៥០អាសនៈ នៅក្នុងសភាជាន់ទាបដែលមានសមាជិកចំនួន ៥៤៣នាក់ និងត្រូវការ ២៧២សំលេងដើម្បីទទួលបានជ័យជម្នះ។ រីឯ សម្ព័ន្ធប្រឆាំងនៅ ឥណ្ឌា ដឹកនាំ ដោយ គណបក្ស Congress ត្រូវបានគេ រំពឹងថា នឹង អាចទទួល បាន ជាង ១២០អាសនៈ។

គួរបញ្ជាក់ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌា នឹងរាប់សន្លឹកឆ្នោតនៅក្នុងម៉ាស៊ីនបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី៤ ខែមិថុនា ហើយលទ្ធផលផ្លូវការនឹងចេញនៅថ្ងៃដដែលនោះ។

NDA ធ្លាប់ទទួលបានសំលេង ៣៥៣អាសនៈនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ ២០១៩។ ប្រសិនបើជាការពិតមែននោះ វាជាជ័យជម្នះថ្មីមួយទៀតសម្រាប់ លោក Modi អាយុ ៧៣ឆ្នាំ ហើយនឹងធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីទីពីរនៃប្រទេសឥណ្ឌា ដែលកាន់តំណែងបាន ៣អាណត្តិជាប់ៗគ្នា បន្ទាប់ពីមេដឹកនាំឯករាជ្យ លោក Jawaharlal Nehru៕

អត្ថបទដែលជាប់ទាក់ទង