ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម លី ធុជ៖កម្ពុជា ៥ខែដើមឆ្នាំ២០២៤នេះ ប្រជាពល រដ្ឋរងគ្រោះដោយសារមីន៤៣នាក់ក្នុងនោះ ១៣នាក់រងរបួស បណ្តាលឱ្យស្លាប់៨នាក់ របួសស្រា ១៨នាក់ និងធ្លាក់ខ្លួនពិការ៤នាក់

107

ភ្នំពេញ៖ កម្ពុជាក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន៤៣នាក់ ក្នុងនោះរងរបួសដោយ សារគ្រាប់មីន ១៣នាក់ និងបានបណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ របួសស្រាល ១៨នាក់ និងធ្លាក់ខ្លួនពិការ ៤នាក់។

      នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន  ក្នុងរបាយការណ៏ការងារប្រចាំត្រីមាស នៅថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២៤នេះ។ អត្រាគ្រោះថ្នាក់នេះ កើនឡើង ៥៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុង២០២៣ ដែលមានជនរងគ្រោះចំនួន១៩នាក់ ហើយករណីនេះបណ្តាលមកពីសកម្មភាព នៃការលេងគ្រាប់៦៤% ការរកស្បៀងអាហារ ១៣% ការសម្អាតដីធ្វើកសិកម្ម ១០% ការធ្វើសំណង់ ១០% និងការដុតភ្លើង ៣%។

       ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យនៅកម្រិតអប្បបរមា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន បានបន្តខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការរំដោះផ្ទៃដី និងការផ្សព្វផ្សាយការ អប់រំយល់ដឹងអំពីមីននិងគ្រាប់មិនទាន់ផ្ទុះនៅតាមសហគមន៍ ដើម្បី ឆ្ពោះទៅរកកម្ពុជា មួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់នៅតែបន្តរងគ្រោះបែបនេះទៀតនោះទេ ។

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

សូមបញ្ជាក់ យោងតាមទិន្នន័យទទួលបានរបស់អាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៧៩ ដល់ខែឧសភា ឆ្នាំ២០២៤ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសរុបចំនួន ៦៥.០៦៧នាក់ ក្នុងនោះរងគ្រោះដោយសារមីន៧៩% និងសំណល់ជាតិផ្ទុះពីសង្រ្គាម២១ភាគរយ៕.ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង