ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ ត្រូវបន្តដឹកនាំរាជធានីភ្នំពេញ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍន៌

50

ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញថ្លែងបែបនេះក្នុង ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ នាព្រឹកថ្ងៃទី៧ ខែមីថុនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវបានតំណាងប្រជាពលរដ្ឋ (សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ )ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ ដើម្បីបន្តដឹកនាំរាជធានីភ្នំពេញ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងការអនុវត្តការងារជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិន ត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ ក្រុម ប្រឹក្សាអាណត្តិទី៣ គណៈអភិបាលរាជធានីភ្នំពេញមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និង ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និង សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាច សាហាវកូវីដ-១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតនានាកន្លងមកនេះ។

  ឯកឧត្ដមបន្តថា៖ ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោតចំនួន២០ដងរួចមកហើយ ដែលការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ធានាបាននូវស្ថិរភាពនយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។

ឯកឧត្ដម បន្តថា៖ ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានចំនួនសរុប ៤២០០រូប ក្នុងនោះ ក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៥៥៩រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន ៣៦៤១រូប។ ដោយឡែក សម្រាប់រដ្ឋបាលរាជធានីភ្នំពេញមានចំនួនក្រុមប្រឹក្សាចំនួន២៧នាក់ ដែលត្រូវប្រកាសឱ្យចូល កាន់តំណែងនាឱកាសដ៏ថ្លៃថ្លានេះ។

   ឯកឧត្ដមស៊ុន ចាន់ថុលបានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការងារបុគ្គលិក រហូតមកដល់ពេលនេះមានបុគ្គលិកប្រមាណ១០ម៉ឺននាក់ត្រូវបានផ្ទេរអោយទៅស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះបុគ្គលិកក្របខណ្ឌក្រសួងមហាផ្ទៃចំនួន ជាង៧.៥០០នាក់ បុគ្គលិកក្របខណ្ឌសុខាភិបាលចំនួនជាង២០.០០០នាក់ បុគ្គលិកក្របខណ្ឌអប់រំចំនួនប្រមាណ៦០.០០០នាក់ និងបុគ្គលិកក្របខ័ណ្ឌជំនាញបច្ចេកទេសពីក្រសួងស្ថាប័នតាមវិស័យនានាចំនួនប្រមាណជិត១០.០០០នាក់។សំរាប់ធនធាន ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបង្កើនជាបន្តបន្ទាប់ដែលគិតមកដល់ក្នុងឆ្នាំ ២០២៤នេះ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិមានចំនួនប្រមាណ១.៧៣០លានដុល្លារ ក្នុងនោះថវិការាជធានី ខេត្តចំនួន ប្រមាណ៨៧០លានដុល្លារ ថវិកាក្រុង ស្រុកចំនួនប្រមាណ៥៥០លានដុល្លា និងថវិកាឃុំ សង្កាត់ចំនួន ប្រមាណ៣១០លានដុល្លារ។

  ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានលើកឡើងពីស្ថានភាពរដ្ឋបាលដែនដី និងសមិទ្ធផលសំខាន់ៗ ដែលគណៈអភិបាល និងក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ សម្រេចបាន ព្រមទាំងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ,ពីស្ថានភាពរដ្ឋបាលដែនដី,ពីសមិទ្ធផលសំខាន់ៗដែលគណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣សម្រេចបាន។ផ្អែកតាមបទពិសោធន៍ក្នុងអាណត្តិទី១ និងអាណត្តិទី២ កន្លងទៅ គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ បានខិតខំពុះពាររួមគ្នា ជម្នះរាល់ការលំបាក ដោះស្រាយបញ្ហាប្រឈម និង សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដោយបានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាទៀងទាត់ ចំនួន ៥៥ លើក, វិសាមញ្ញ ៣ លើក, សម្ងាត់ ៧ លើក និងកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សារាជធានី ចំនួន ៤៣៥ លើក ក្នុងនោះ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានចេញ ដីកាចំនួន ១.៤៥១ ច្បាប់, សេចក្តីសម្រេចចំនួន ១.៦៣៩ ច្បាប់ និងលិខិតរដ្ឋបាលទូទៅ ១០៨.៤៣៤ ច្បាប់ (មួយសែន ប្រាំបីពាន់ បួនរយសាមសិបបួន ច្បាប់)។ ឯកឧត្ដមអភិបាលរាជធានីបន្តថា៖រដ្ឋបាលរាជធានីភ្នំពេញបានបំពេញបេសកកម្មរបស់ខ្លួនក្នុង ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ស្ពានអាកាស ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាញទូរគមនាគមន៍ ការកែលម្អសួនច្បារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាច្រើនទៀត ព្រមទាំងការគិតគូរទុកជាមុនអំពីយន្តការឆ្លើយតបចំពោះគ្រោះមហន្តរាយ ជំងឺកូវីដ-១៩ និងជំងឺ ឆ្លងរាតត្បាតកាចសាហាវដែលអាចកើតមានជាយថាហេតុ។ គម្រោងសកម្មភាពនៃកម្មវិធីវិនិយោគមានថវិកាគាំទ្រ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សរុបមានចំនួន ៤៥១ គម្រោង ដោយចំណាយថវិកាអនុវត្តសរុបចំនួន ២.៨៤២.៩៣២,៩ លានរៀល (ពីរពាន់ ប្រាំបីរយសែសិបពីរពាន់ ប្រាំបួនរយសាមសិបពីរក្បៀសប្រាំបួន លានរៀល)។ រីឯ កិច្ចលទ្ធកម្មវិញ បានអនុវត្ត នីតិវិធីលទ្ធកម្មសរុបចំនួន ៤០៨ គម្រោង ក្នុងនោះ៖ កិច្ចលទ្ធកម្មទំនិញចំនួន ៦៦ គម្រោង, កិច្ចលទ្ធកម្មសំណង់ ចំនួន ៩០ គម្រោង និងកិច្ចលទ្ធកម្មដោយការចរចាថ្លៃផ្ទាល់ ២៥២ គម្រោង ព្រមទាំងបានចូលរួមអនុវត្តកិច្ចលទ្ធកម្ម ជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹង តាមនីតិវិធីដេញថ្លៃប្រកួត ប្រជែងជាអន្តរជាតិថែមទៀតផង។

  ជាមួយគ្នានោះឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី៤បានមានប្រសាសន៍ថា៖  ដើម្បីបន្តនិរន្តភាពការងារក្រុមប្រឹក្សា និងដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់អង្គបោះឆ្នោត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋានរាជធានីភ្នំពេញ យើងទាំងអស់គ្នា នឹងខិតខំបំពេញការងារទ្វេដង ជាមួយនិងការប្តេជ្ញាគោរព និងប្រតិបត្តិដោយភក្តីភាពចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» និងប្តេជ្ញា ការពាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ប្តេជ្ញាអនុវត្តឱ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់- កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្តេជ្ញាពង្រឹងឱ្យបានល្អនូវទំនាក់ទំនងរវាងក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សាផ្សេងៗគ្នា មន្ត្រី-បុគ្គលិកក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ និងប្តេជ្ញាពង្រីក កិច្ចសហប្រតិបត្តិការល្អរវាងផ្ទៃក្នុងសមាជិកក្រុមប្រឹក្សា និងក្រុមប្រឹក្សាខណ្ឌ សង្កាត់ទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ។ ប្តេជ្ញាប្រតិបត្តិឱ្យបានត្រឹមត្រូវនូវបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌របស់ក្រុមប្រឹក្សារាជធានី ខេត្ត។លើកកម្ពស់គុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត។លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការ ផ្តល់សេវាជូនប្រជាពលរដ្ឋក្នុង ដែនសមត្ថកិច្ច។លើកកម្ពស់ការការពារសិទ្ធិចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការរបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង