មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ បាញ់រះជាច្រើន១០គ្រាប់ មកលើកម្លាំងសមត្ថកិច្ច ទើបបាញ់សម្លាប់ខ្លួនឯង
ភ្នំពេញ៖ ជនល្មើសដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម បានបើកការបាញ់រះប្រមាណ១០គ្រាប់ មកលើកម្លាំងសមត្ថកិច្ច ខណៈសមត្ថកិច្ចកំពុងសម្រុកចូលទៅបង្ក្រាបជនល្មើស សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះឡោមព័ទ្ធទីតាំង ផ្ទះមួយកន្លែង នៅខាងកើតផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបង្ក្រាបករណី បទល្មើសគ្រឿងញៀន ។
បន្ទាប់ពីកងកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងជំនាញ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាច្រើននាក់ប្រដាប់ដោយអាវុធវែង ខ្លីជាច្រើន ឡោមព័ទ្ធជុំជិតរួចមក ធ្វើឲ្យមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ និងធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធជួញដូរគ្រឿងញៀន និងជួញដូរអាវុធ បានបាញ់សម្លាប់ខ្លួនឯង ។
ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ ដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន នៅក្នុងខណ្ឌឬស្សីកែវ ក្រោមការបញ្ជាជាប់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនល្មើសរូបនេះធ្លាប់ជាប់ពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួនពាក់ព័ន្ធជួញដូរគ្រឿងញៀន និងជួញដូរអាវុធ។ ជនល្មើសរូបនេះ ត្រូវបានកម្លាំងនគរបាលជំនាញរបស់មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន តាមដានជាយូរណាស់មកហើយ រហូតបង្ក្រាបនៅពេលនេះតែម្តង។
ក្រោយធ្វើការឡោមព័ទ្ធ ទំនងមិនអាចមានផ្លូវគេចខ្លួននោះ ជនល្មើសបានបាញ់សម្លាប់ខ្លួនឯងតែម្តង។ បើទោះបីជនល្មើសបាញ់ជាច្រើនគ្រាប់ក៏ដោយ ប្រតិបត្តិការនេះ មិនបណ្តាលឲ្យមន្រ្តីនគរបាល និងពលរដ្ឋរូបណារងរបួស ឬរងគ្រោះថ្នាក់នោះឡើយ ។
រដ្ឋបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបករណី ខាងលើនេះដែរ ក៏មានការផ្ទុះអាវុធបាញ់តដៃគ្នា ជាច្រើនគ្រាប់ ជាមួយសមត្ថកិច្ចផងដែរហើយករណីនេះត្រូវបានបញ្ចប់នាវេលាម៉ោង៦:០០នាទីល្ងាច ដោយជនល្មើសបានធ្វើអត្តឃាត៕