ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសកម្ពុជា និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ប្រទេសកូរ៉េខាងត្បូង បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត

28

ភ្នំពេញ៖ប្រទេសកម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ប្រទេសកូរ៉េខាងត្បូង ប្រកាសបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត។

ការប្រកាសនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោក Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ ប្រទេសកូរ៉េខាងត្បូង នារសៀល ថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោកអភិបាលខេត្តជេជូ បានថ្លែងអំណរគុណសម្ដេចធិបតី ដែលបានឆ្លៀត ពេល វេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និង ពិ ភា ក្សា ការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីគោលបំណងសំខាន់ នៃដំណើរ ទស្ស នកិច្ចមកកម្ពុជានាឱកាសនេះ ដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តពិសេសជេជូ។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានគាំទ្រក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ជាមួយរាជធានីភ្នំពេញនាពេលនេះ និងខេត្តសៀមរាបនាពេលកន្លងមកផងដែរ។ បន្ថែមលើនេះ លោកអភិបាលខេត្ត ក៏បានជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពី លទ្ធ ភាព នៃការភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់កម្ពុជា ដោយនឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រសំដៅជំរុញឱ្យមានការហោះហើរត្រង់នេះ។

ក្រៅពីនេះលោកអភិបាលខេត្ត ក៏បានបញ្ជាក់អំពីការស្វែងរកឱកាស សម្រាប់ការវិនិយោគ លើ វិស័យផ្សេងៗទៀត រួមមាន៖ វិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិស័យថាមពលស្អាត ជាដើម ក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្រ្តរវាងកូរ៉េខាងត្បូង និងកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជា មួយលោកអភិបាលខេត្ត និងគណៈប្រតិភូ និងបានអបអរសាទរចំពោះការសម្រេចបាននូវ ការចុះ អនុស្សរណៈនៃការយោគយល់គ្នាមួយទៀត រវាងរាជធានីភ្នំពេញ និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ដែលជាផ្នែកមួយក្នុងការរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទន្ទឹមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំឭកផងដែរអំពីការពិភាក្សារវាងសម្តេចធិបតី និង លោកអភិបាលខេត្ត នៅទីក្រុងសេអ៊ូល ក្នុងអំឡុងពេលសម្តេចធិបតី អញ្ជើញបំពេញទស្សនកិច្ច ផ្លូវ ការនៅកូរ៉េខាងត្បូង អំពីការតភ្ជាប់រវាងខេត្តជេជូ និងកម្ពុជា តាមរយ:ការផ្តោតសំខាន់លើការ ជំរុញ កំណើនទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់ រវាងខេត្តជេជូ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ឯកឧត្តមអភិបាលខេត្ត ក្នុងការបន្តកិច្ច សហ ការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការស្វែងរកឱកាសសម្រាប់ការពង្រីកការ វិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង