ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ ថា ៖ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតចំនួន២០ដងរួចមកហើយ បង្ហាញយ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា

22

ភ្នំពេញ៖ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី៤ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម កើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមគឹម សាវុធ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ក្នុងពិធីប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី៤នេះ ឯកឧត្ដម កើត ឆែ បានផ្ដល់មតិ និងលើកឡើងអំពីការបោះឆ្នោតជាតិចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតចំនួន២០ដងរួចមកហើយ ដែលការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ធានាបាននូវស្ថិរភាពនយោបាយ និងសុខសន្តិភាព នៅប្រទេសកម្ពុជា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ព្រមទាំងបង្ហាញពីភាពចាស់ទុំខាងផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងគណបក្សនយោបាយទាំងអស់ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ ពិសេសធានារក្សាបាននូវសិ្ថរភាពនយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។

ឯកឧត្ដមបានណែនាំឱ្យសមាជិកក្រុមប្រឹក្សាទាំង២គណបក្ស ត្រូវយកចិត្តទុកដាក់ពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា, គណៈអភិបាល, មន្រ្តីរាជការ, និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ ការគោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្ដមបន្តទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ រាជធានីភ្នំពេញ បានដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ក្នុងនោះ គណបក្សនយោបាយ ចំនួន៥គណបក្ស បានចូលរួមប្រកួតប្រជែង ដោយមានអង្គបោះឆ្នោត ចំនួន៨៩៩នាក់ ចែកចេញជា ១៤ការិយាល័យបោះឆ្នោត។ ជាលទ្ធផលសម្រាប់ក្រុមប្រឹក្សារាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ២៥/២៧ អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ ២/២៧ អាសនៈ។ ដោយឡែកចំពោះក្រុមប្រឹក្សាខណ្ឌ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ២៥៣/២៧០អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ ១៧/២៧០អាសនៈ ក្នុងនោះ តំណែងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងតំណែងប្រធាន ក្រុមប្រឹក្សាខណ្ឌទាំង ១៤ គឺបានទៅលើបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង