ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យកាប់ទន្ទ្រានព្រៃឈើ យកដីធ្វើកម្មសិទ្ធិនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្តស្រុកសណ្ដាន់ កំពងធំ

63

កំពង់ធំ៖  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាព្រឹកថ្ងៃអង្គារទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំ កងកម្លាំងទាំងបី មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យសកម្មភាពការកាប់ទន្ទ្រានព្រៃឈើ យកដីធ្វើកម្មសិទ្ធិរបស់ក្រុមជនល្មើសមួយចំនួន ក្នុងភូមិសាស្ត្រព្រៃឡង់នៅតំបន់អូររកាយ  ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់   ខេត្តកំពង់ធំ។

លោក គង់ វ៉ាន់ មន្ត្រីបរិស្ថានខេត្ត ប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិជាមួយកងកម្លាំងចម្រុះប្រចាំការ នៅតំបន់អូរឃ្មង និងត្រពាំងប្រើស បានបញ្ជាក់ថា តំបន់ដែលមានការកាប់បំផ្លាញនេះឈ្មោះហៅថាតំបន់អូររកាយ ស្ថិតនៅក្នុង ឃុំសុចិតស្រុកសណ្ដាន់ខេត្តកំពង់ធំ ដែលមានផ្ទៃដីប្រមាណជាជាង១០ហិកតា ក្នុងនោះផ្ទៃដី ដែលមានការកាប់ទន្ទ្រានថ្មី នៅក្នុងចន្លោះមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ មុនពេលកងកម្លាំង ចម្រុះមិនទាន់មកបំពេញបេសកកម្ម នាពេលកន្លងទៅប្រមាណ ជាង៦ហិកតា ចំពោះផ្ទៃដី ចំនួនប្រមាណជាង ៤ហិកតាទៀត ជាផ្ទៃដីដែលបានកាប់ ទន្ទ្រានចាស់។ ការកាប់ទន្ទ្រាន នាពេលកន្លងទៅជនល្មើសតែងប្រព្រឹត្តទៅ នៅពេលយប់ ក្នុងពេលដែលកម្លាំង បរិស្ថានមានគ្នាតិច លំបាកក្នុងពេលធ្វើសកម្មភាពត្រួតពិនិត្យនៅ ពេលយប់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងនូវការសោក ស្ដាយចំពោះការបាត់បង់នូវធនធានធម្មជាតិ ដែលត្រូវរងការកាប់ទន្ទ្រានយកដីធ្វើ ជាកម្មសិទ្ធិ របស់ជនល្មើស និងបានណែនាំដល់មន្ត្រីជំនាញដែលមានការពាក់ព័ន្ធ រួមជាមួយកងកម្លាំង ចម្រុះត្រូវគ្រប់គ្រងឱ្យបាននូវផ្ទៃដី ដែលបានកាប់ទន្ទ្រានយកដោយ ខុសច្បាប់ទាំងនេះ ឱ្យបានគង់វង្ស និងត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនល្មើសដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ៕ ដោយសំរិត

អត្ថបទដែលជាប់ទាក់ទង