ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន និងលោក គីម នៅក្នុងទីក្រុងព្យុងយ៉ាង ប្ដេជ្ញាកសាងពិភពលោកពហុប៉ូលថ្មីមួយ

31

សេអ៊ូល៖ភ្លាមៗ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឱបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នៅឯអាកាសយានដ្ឋានក្នុងទីក្រុងព្យុងយ៉ាង មេដឹកនាំទាំង២ បានចែករំលែកទស្សនយល់ឃើញទៅវិញទៅមក និងបានឯកភាពគ្នាលើការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤។

លោក ពូទីន បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង នៅព្រឹកព្រលឹមស្រាងៗនៅថ្ងៃពុធនេះ ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតរបស់លោក ក្នុងពេល២៤ឆ្នាំ ទៅកាន់កូរ៉េខាងជើង ដែលជាដំណើរទស្សនកិច្ចមួយអាចនឹងកែប្រែទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាងជើងរាប់ទសវត្សរ៍មកនេះ ក្នុងពេលមួយដែល ប្រទេសទាំង២ កំពុងប្រឈមមុខនឹងទណ្ឌកម្មលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក។ លោក គីម ជុងអ៊ុន បានទៅទទួលស្វាគមន៍លោក ពូទីន ដោយផ្ទាល់ ហើយ មេដឹកនាំទាំង២បានចាប់ដៃ អោបគ្នាទៅវិញទៅមក និងបានឈរជជែកគ្នាមួយសន្ទុះ មុននឹងឡើងជិះរថយន្ដម៉ាក limousine ជាមួយគ្នា ឆ្ពោះទៅកាន់វិមាន Kumsusan ក្នុងទីក្រុងព្យុងយ៉ាង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាភាពជាដៃគូរវាងកូរ៉េខាងជើង និងរុស្ស៉ី ប្រៀបដូចជាម៉ាស៊ីនជំរុញការកសាងពិភពលោកពហុប៉ូលថ្មីមួយ ហើយថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន បានបង្ហាញពីទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពមិនអាចបំបែកបំបាក់បាន និងមាននិរន្តរភាព។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបង្ហាញការព្រួយបារម្ភថារុស្ស៉ីអាចនឹងផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើងដែលស្ថិតនៅក្រោមការហាមឃាត់ដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។ ពួកគេក៏បានចោទប្រកាន់ផងដែរថាទីក្រុងព្យុងយ៉ាង បានផ្គត់ផ្គង់អាវុធឱ្យ រុស្ស៉ីយកទៅប្រើក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ប៉ុន្តែ ទាំងរុស្ស៉ី និងកូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់បែបនេះ៕

អត្ថបទដែលជាប់ទាក់ទង