ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯកស្នងការ នគរបាលរាជធានីដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងវិធានការចំពោះក្មេងទំនើង ក្នុងរាជធានីភ្នំពេញ

40

ភ្នំពេញ៖ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងវិធានការចំពោះក្មេងទំនើង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងនៅតែបន្ដវិធានការម៉ឺងម៉ាត់ ដើម្បីធានាសន្ដិសុខក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សំដៅរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយជូនប្រជាពលរដ្ឋ។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះ គឺអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ឯកឧត្ដមឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាថា ករណីក្មេងទំនើងនេះ បើងើបមួយវៃមួយ មិនអត់ឱនជានិច្ចខាន ហើយត្រូវឲ្យក្មេងទំនើងបង្កអុកឡុកក្នុងសង្គម ប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសជាតិនោះឡើយ។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទបន្តទៀតថា៖ក្រៅពីវិធានការច្បាប់ វិធានការអប់រំក៏ត្រូវដើរទន្ទឹមគ្នានេះផងដែរ ពោលឪពុក ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវជួយអប់រំណែនាំដល់យុវជន យុវតី ឲ្យដើរតាមគន្លងត្រឹមត្រូវ ជៀសវាងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង