ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីថា៖ ក្នុងរយៈពេលពេញមួយឆ្នាំនេះបានដឹកសំរាមយកទៅចាក់ និងដុតកម្ទេចនៅទីលានចាក់ សំរាមដង្កោមានចំនួន ៣១៦.៧៦២.៦៦តោន

30

ភ្នំពេញ៖ឯកឧត្តមកើត ឆែ បានបញ្ជាក់ថា ៖ក្នុងរយៈពេលពេញមួយឆ្នាំនេះ ក្រុមហ៊ុន 800Super, ក្រុមហ៊ុន Mizuda និងក្រុមហ៊ុនស៊ិនទ្រី និងសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានដឹកសំរាមយកទៅចាក់ និងដុតកម្ទេចនៅទីលានចាក់ សំរាមដង្កោមានចំនួន ៣១៦.៧៦២.៦៦តោន។

ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីបញ្ជាក់បែបនេះក្នុងអង្គប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤បានដំណើរការហើយ នាព្រឹកថៃ្ងទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីនិងជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

   ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ផ្អែកតាមបទប្បញ្ញត្តិមាត្រា៧០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំប្រកាសចូលកាន់តំណែង។យើងបានប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានី កាលពីថ្ងៃទី០៧មិថុនា មានន័យថា យើងបានអនុវត្តត្រឹមត្រូវទៅតាមច្បាប់ហើយ។

  ឯកឧត្ដម ម៉ប់ សារិន បានបន្តថា៖ កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤នេះ យើងមិនអនុម័តទៅលើអ្វីមួយនោះទេ យើងគ្រាន់តែស្តាប់ គិតពិចារណា ដើម្បីយកទៅប្រជុំសាមញ្ញលើកទី២ ។

  ចំពោះរបៀបវារៈអង្គប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នេះ គឺបានផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជផ្ទៃក្នុង របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ ផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ សម្រាប់រយៈពេលដប់ពីរខែ (១២ខែ) (ឆ្នាំ២០២៤-២០២៥) ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។ របាយការណ៍លទ្ធផលស្តីពីការអនុវត្តការងាររបស់គណៈអភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញក្នុង អាណត្តិទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងការងារសេសសល់ ទិសដៅការងាររយៈពេល០៣ខែដែលបានអនុម័តដោយក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ និងត្រូវអនុវត្តបន្ត។

  ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីនិងជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ៣ខែ (មីនា មេសា ឧសភា)កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញដីកា ចំនួន ២៦៨ច្បាប់, សេចក្តីសម្រេចចំនួន ៩០ច្បាប់ លិខិតចេញចំនួន ១០.៤៦៤ច្បាប់, លិខិតចូលចំនួន ៦.០៨០ច្បាប់, ឯកសារ ដែលបានធ្វើនីត្យានុកូលកម្មចំនួន ២.៦៦៧ច្បាប់, សៀវភៅគ្រួសារចំនួន ២.៨០៩សហព័ន្ធ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ២០.១០០នាក់។បានចុះបញ្ជីស្នាក់នៅមានចំនួន ៤៩៩,២៩៩គ្រួសារ ក្នុងនោះប្រជាពលរដ្ឋ សរុបចំនួន ២.២៨១.៩៥១នាក់ ស្រី ១.១៧៦.២៧៨នាក់។ ចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទបានចំនួន ១៨.៩០៦នាក់ ស្រី ៩.៣១៦នាក់។

   ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឯកឧត្ដមបានបញ្ជាក់ថា៖ ក្នុងរយៈពេល ៣ខែនេះ យើងបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ១០១ករណី ឃាត់ខ្លួន ១៥៧នាក់

– បង្ក្រាបក្មេងទំនើងបាន ១៨៣ករណី ឃាត់ខ្លួន ៣១៥នាក់ – បង្ក្រាបបទល្មើសគ្រឿងញៀនបាន ៣៥៩ករណី ឃាត់ខ្លួន ៦៥០នាក់ – បង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ២៥ករណី ឃាត់ខ្លួន ១១៩នាក់។

គ្រោះថ្នាក់ចរាចរណ៍កើតមាន ២១៨លើក (ស្លាប់ ៦៤នាក់, របួស ៣១៦នាក់)។

   ឯកឧត្តមបន្តថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ក្រុមហ៊ុន 800Super, ក្រុមហ៊ុន Mizuda និងក្រុមហ៊ុនស៊ិនទ្រី និងសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានដឹកសំរាមយកទៅចាក់ និងដុតកម្ទេចនៅទីលានចាក់ សំរាមដង្កោមានចំនួន ៣១៦.៧៦២.៦៦តោន។ បានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញបានចំនួន ២៥.០១៣សវា។

នៅក្នុងរយៈពេល ៣ខែ (មីនា-មេសា-ឧសភា) រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានអ្នកដំណើរសរុបចំនួន ១.៣៣៥.២២៤នាក់៕

អត្ថបទដែលជាប់ទាក់ទង