ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដឹងគុណសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ឯកប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងអ្នកស្នេហាជាតិដែលបានធ្វើពលីកម្មនាំឱ្យកម្ពុជាមានសន្តិភាព

30

ត្បូងឃ្មុំ៖ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គឺមានរយៈពេល៤៧ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យទើប ២៥ឆ្នាំ រួមនឹង យុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ចំនួន ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏សែនលំបាកបំផុត លាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្ររំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី ៤៧ឆ្នាំមុននោះហើយ ជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឱ្យទទួលបាន ពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន។អ្នកជំនាន់ក្រោយត្រូវដឹងគុណអ្នកជំនាន់មុន

ជាមួយគ្នានេះដែរ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ប្រារព្ធខួប៤៧ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) នៃដំណើរឆ្ពោះទៅរក ការតស៊ូរំដោះជាតិ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេន បានប្រកាសដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើពលិកម្មដ៏ធំធេង រហូតដល់ការសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រវត្តិសាស្ត្របានបង្ហាញថាបើពុំមានការចាប់ផ្តើមទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រលយពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ដែលមានជាបន្តបន្ទាប់ក៏មិនអាចមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះដែរ។

ជាមួយគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ជាក់ស្តែងការអនុវត្តនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានដាក់ចេញ និងដឹកនាំដោយផ្ទាល់នោះ បានចាប់ផ្តើមពីការចាក់ចេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ការអនុវត្តនយោបាយឈ្នះឈ្នះ និងការបញ្ចប់សង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ដែលបន្តដឹកនាំប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសនេះខ្ញុំសូមថ្លែងនូវការដឹងគុណនិងគុណូបការៈយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់ និងធ្វើពលិកម្មដ៏ធំធេង និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រហូតដល់ការសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ជាទីគោរពស្រឡាញ់របស់យើង»

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ចំណុចនេះហើយបានបញ្ជាក់ថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាព មិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ពុំនោះសោធរាប់តំណរមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ ដូច្នេះ សូមប្រជាពលរដ្ឋកម្ពុជា ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នយោបាយឈ្នះឈ្នះ នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ជនឱកាសនិយមនៅកម្ពុជា និងជាមូល ដ្ឋានជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតទាំងសកល និងអសកល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង