ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ស្រក់ទឹកភ្នែកពេលនឹកឃើញរឿងរ៉ាវ៤៧ឆ្នាំមុន និងផ្តាំថា គ្មានជោគជ័យឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃ ឬការលះបង់ឡើយ

26

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្រក់ទឹកភ្នែក នៅពេលនឹកដល់រឿងរ៉ាវដែលកើតឡើង កាលពី៤៧ឆ្នាំមុន ដោយសម្តេចបានផ្តាំដល់កូនខ្មែរជំនាន់ក្រោយថា គ្មានជោគជ័យឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃ ឬការលះបង់ឡើយ។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៤៧ឆ្នាំហើយ ដែលសម្តេច តេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជា ដើម ទុន ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជា ជន កម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ទោះពេលវេលាបានកន្លងហួសរយៈពេល៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវ ដែលបានជួបប្រទះ កាលពីថ្ងៃ២០មិថុនា១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន»

សម្តេចបានបន្តថា «យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុន ដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើង នាពេល៤៧ឆ្នាំកន្លងមកនេះ? យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី»

សម្តេចបានផ្តាំឱ្យយុវជនខ្មែរចងចាំថា គ្មានជោគជ័យឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង