ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជំហរមិនគាំទ្រកំណែទម្រង់ណា ដែលប៉ះពាល់ដល់អតីតយុទ្ធជន

29

ភ្នំពេញ៖ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១៧ នៃទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរមិនគាំទ្រចំពោះកំណែទម្រង់ណា ដែលធ្វើឱ្យប៉ះពាល់ដល់ អតីតយុទ្ធជនទេ ជាពិសេសគឺផ្ទុយពីគោលដៅរបស់រដ្ឋាភិបាលអាណត្តិនេះ។

សម្ដេចធិបតីបានថ្លែងថា ការងារសម្រាប់អតីត យុទ្ធមាន៣រួមមាន កិត្តិយស, ជីវភាព និងឱកាស ដែលជាគោលដៅចាំបាច់គិតគូរដល់អតីតយុទ្ធជនទាំងអស់នៅក្នុងបន្ទុក។

យ៉ាងណាមិញ សម្ដេចបានបញ្ជាក់អំពីការបង្កើតពិធីនេះ ដើម្បីបំផុសស្មារតីកូនខ្មែរជំនាន់ក្រោយគ្រប់រូប មិនថាដប់ឆ្នាំម្ភៃឆ្នាំ ឬហាសិបឆ្នាំនោះទេត្រូវតែនៅបន្តចងចាំ បើចងចាំប្រវត្តិសាស្រ្តហើយត្រូវតែចងចាំអ្នកដែលបានរួមដំណើរក្នុងប្រវត្តិសាស្រ្ត ដោយមិនត្រូវទុកចោលនោះទេ ដែលនេះជាការផ្ដល់នូវកិត្តិយសដល់អតីតយុទ្ធជនទាំងអស់។

ពាក់ព័ន្ធនឹងបញ្ហាជីវភាពរបស់អតីតយុទ្ធជន ត្រូវបានសម្ដេចធិបតី បញ្ជាក់ថា មិនមែនចាកចេញពីជួរហើយ រដ្ឋាភិបាលមិនបន្តគិតគូរនោះទេ គឺនៅតែបន្តជួយជ្រោមជ្រែងបន្ថែមទៀតដល់អ្នកដែលបានចូលនិវត្តន៍មុន ហើយនេះគឺជាការតបស្នងមួយ មិនដូចមជ្ឈដ្ឋានខ្លះលើកឡើងថា រដ្ឋាភិបាលទុកអតីតយុទ្ធជន និងអតីតមន្ត្រីរាជការចោលនោះទេ។

បន្ថែមពីនោះ សម្ដេចបានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កើតចលនាសាងសង់ផ្ទះបន្តជូនអតីតយុទ្ធជន ដែលខ្វះខាតនៅតាមបណ្ដាខេត្តនានា ក៏ដូចជាបង្កើតនូវភូមិសន្តិភាពមួយផងដែរ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ៖ «ដរាបណាគណបក្សប្រជាជនកម្ពុជានៅមានឱកាសដឹកនាំបន្ត ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន អតីតមន្រ្តីរាជការ នៅតែបន្តយកចិត្តទុកដាក់និងលើកកម្ពស់ជាបន្តបន្តាប់ តិចច្រើនយើងត្រូវបន្តជួយគ្នាយកចិត្តទុកដាក់»

អត្ថបទដែលជាប់ទាក់ទង