ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត មដាក់ចេញការណែនាំ៥ចំណុច ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាគមអតីតយុទ្ធជន សំដៅពង្រឹងការគាំពារដល់អតីតយុទ្ធជន

29

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានដាក់ចេញការណែនាំចំនួន៥ចំណុច ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាគមអតីតយុទ្ធជន ដើម្បីជាការតម្រង់ទិស ធានាដល់ការសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅពង្រឹងការគាំពារដល់អតីតយុទ្ធជន។

ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។ ពិធីនេះ រៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អនុសាសន៍ដែលត្រូវបានដាក់ចុះដោយសម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួមមាន៖

*ទី១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈកម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ នៅតាមរាជធានី-ខេត្ត និងបន្តចុះប្រមូលទិន្នន័យ អំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ, និងរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឲ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់នូវសេវាគាំពារសុខុមាលភាព អតីតយុទ្ធជនឲ្យកាន់តែល្អប្រសើរ

*ទី២៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាព ក្នុងការបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជន និងប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់ឧបត្ថម្ភបូជាសព និងប្រាក់ឧបត្ថម្ភមួយលើក, តាមរយៈមូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និងត្រូវខិតខំជំរុញការអនុវត្ត គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល

*ទី៣៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្ត គោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឲ្យកាន់តែមានប្រសិទ្ធភាព

*ទី៤៖ សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ត្រូវបន្តពង្រឹង ពង្រីកសកម្មភាពសមាគម តាមស្មារតីនៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសលើកទី២។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើក កម្ពស់តួនាទីអតីតយុទ្ធជនក្នុងសង្គម និងលើកទឹកចិត្តឲ្យបងប្អូនអតីតយុទ្ធជនប្រកាន់ ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមក្នុង ចលនាប្រឡងប្រណាំង៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ

*ទី៥៖ ក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន, ជាពិសេស ត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក៕

អត្ថបទដែលជាប់ទាក់ទង