ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត រិទ្ធ៖ ប្រកាសចុះចេញពីតំណែង បើករណីជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬជាប់ពីបីឆ្នាំចេញមកវិញ ដូចការបំភ្លៃរបស់បណ្តាញសង្គមមួយចំនួន

27

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសធានាថា ឯកឧត្ដមនឹងចុះចេញពីតំណែង ជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ភ្លាមៗតែម្ដង ប្រសិនបើករណីជនល្មើស ស្រី ស៉ីណា ដែលបានបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ មិនត្រូវបានកាត់ទោស ឬជាប់ពន្ធនាគារពីបីឆ្នាំហើយចេញមកវិញ ដូចបណ្តាញសង្គមមួយចំនួនបានបំភ្លៃមែន។

ការប្រកាសខ្លាំងៗបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនបើឈ្មោះ (ស្រី ស៉ីណា) មិនត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ដោយអំពើបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ ឬក៏អ្នកនេះ ជាប់ពន្ធនាគារត្រឹមតែ២ឬ៣ឆ្នាំ សម្រាប់ការបាញ់ប្រហារដ៏សាហាវបែបនេះ ខ្ញុំក៏ប្រហែលជាមិនធ្វើការ ក្នុងវិស័យច្បាប់ និងយុត្ដិធម៌ទៀតនោះទេ»

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់ច្បាស់ៗថា បើសិនជាជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬក៏ត្រូវបានកាត់ទោស ជាប់ត្រឹមតែ២ឬ៣ឆ្នាំចេញមកវិញ លោកជាអ្នកទទួលខុសត្រូវមុនគេ ហើយលោកនឹងដើរចេញឈប់ធ្វើការងារ។

អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះមានបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្នុងសំណុំរឿង ២ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ថនឹងករណីបាញ់សម្លាប់មនុស្ស២នាក់ ជាគូដណ្តឹងនឹងគ្នា និងបាញ់មនុស្ស២នាក់ទៀតឱ្យរបួស។

ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងនោះជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ឈ្មោះ ឡុង លីសុង អាយុ២៧ឆ្នាំ (ស្លាប់), ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ (ស្លាប់), សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ (រងរបួស) និង ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ដោយឡែក ខ្មាន់កាំភ្លើងដែលពេលនោះមានគោរមងារជាឧកញ៉ាឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ក៏បានប្រកាសស្នើមិនឱ្យមានការស្រូបទោសចំពោះករណី ឧក្រិដ្ឋជនស្រី ស៊ីណានេះផងដែរ ព្រមទាំងបានបញ្ជាក់ថា នឹងដាក់បញ្ចូលជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនទទួលបានការបន្ធូរបន្ថយ និងលើកលែងទោសនោះទេ៕

អត្ថបទដែលជាប់ទាក់ទង