ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង នៅខណ្ឌទួលគោកបណ្តាលឲ្យបុរសម្នាក់ស្លាប់

38

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង​ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតអស់ផ្ទះ០១ខ្នងទាំងស្រុង។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ០៥B ផ្លូវ៦៥៦ ក្រុម៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យបានបន្តថា ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ក៏បានបន្តទៀតថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់១២ឡាន ស្មើរនឹង៤៨ម៉ែត្រគូប​ និងរថយន្តជំនួយមកពីទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប និងរថយន្តរបស់ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ថ្មក្រោមឈើលើប្រក់ស័ង្កសី ទំហំ (៨ម៉ែត្រ x ២០ម៉ែត្រ) ឆេះខូចខាតខូចខាតអស់ផ្ទះ០១ខ្នងទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៣និង៥០នាទីរសៀលនាថ្ងៃដដែល។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។ ដោយនៅក្នុងនោះ បានបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង