ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧក្រិដ្ឋជន ស្រី ស៊ីណា ត្រូវបានចោទប្រកាន់ ២សំណុំរឿងផ្សេងគ្នា ដែលក្នុងមួយសំណុំរឿងៗប្រឈមការជាប់ពន្ធនាគារ ១០-១៥ឆ្នាំ ដែលទោសនេះនឹងត្រូវបូកសរុបបញ្ចូលគ្នា

27

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញមកបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ឧក្រិដ្ឋជនអតីតឧកញ៉ា ស្រី ស៊ីណា នឹងជាប់គុកត្រឹមតែពី១០ ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យការមានភាន់ច្រឡំប៉ុណ្ណោះ ខណៈករណីនេះត្រូវបានចោទប្រកាន់ ២សំណុំរឿងផ្សេងគ្នា ហើយសំណុំរឿងនីមួយៗប្រឈមការជាប់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ ដែលទោសនេះនឹងត្រូវបូកសរុប។

ការចេញមុនមកបញ្ជាក់បែបនេះរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។

ជាមួយគ្នានេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏សម្តែងការខកចិត្តចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលបានយកឃាតកម្មសម្លាប់ម្ចាស់បំណុល នៅខេត្តកណ្តាលទៅប្រៀបធៀបជាមួយនឹងករណីឃាតកម្មបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ជាការបំភ្លៃការពិតបង្កើតឱ្យមានការភាន់ច្រឡំ និងបញ្ឆេះការឈឺចាប់នៅក្នុងសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការទទួលខុសត្រូវ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំក៏មានការខកចិត្តចំពោះអ្នកឆ្លៀតឱកាសមួយចំនួន ដែលដើម្បីផលប្រយោជន៍សួនតួរបស់ខ្លួនធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលនាំឱ្យមានការភាន់ច្រឡំ ក្នុងចំណោមមហាជន ក៏ជាបំភ្លៃការពិតទាំងស្រុងដោយគ្មានការទទួលខុសត្រូវ ទី១៖ ការលើកឡើងថា ករណីនេះជាប់គុកតែពី ១០ ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យមានការភាន់ច្រឡំ តាំងពីថ្ងៃទី១ព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺបានបញ្ជាក់យ៉ាងច្បាស់ឈ្មោះនេះ បានចោទប្រកាន់ក្នុង ២សំណុំរឿងដាច់ដោយឡែកពីគ្នា មានន័យថាសាលក្រមពីរដាច់ដោយឡែកពីគ្នា….!»

ត្រង់ចំណុចនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា បើសាលក្រមមួយអាចមានទោសរហូតដល់១៥ឆ្នាំ តើយើងអាចនិយាយថាជននេះអាចមានទោសត្រឹម១៥ឆ្នាំអត់? បើមានសាលក្រមចំនួនពីរ ដូច្នេះ លោកសូមស្នើសុំថា ការលើកឡើងនេះតែមួយជ្រុង ហើយបន្ទរតាមគ្នា ហើយការបន្ទរតាមគ្នានេះចេះតែធ្វើបន្តទៅទៀតបង្កើតឱ្យមានការភាន់ច្រឡំកាន់តែខ្លាំង ទោះបីជាមានសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលដំបូងរាជធានីភ្នំពេញ ក៏ដោយ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អ្វីដែលជាការពិតលើទិដ្ឋភាពច្បាប់ ករណីនៃការបាញ់ប្រហារត្រូវបានចោទប្រកាន់ក្នុងពីរសំណុំរឿងដាច់ដោយឡែកពីគ្នា ហើយសំណុំរឿងនីមួយៗ អាចប្រឈមនឹងការដាក់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ ដូច្នេះ សូមស្នើសុំម្តងហើយម្តងទៀត ជូនដល់អ្នកសារព័ត៌មាន និងបងប្អូនជនរួមជាតិដែលលេងបណ្តាញសង្គម មេត្តាជួយផ្សព្វផ្សាយព័ត៌មាន ឱ្យបានពិតប្រាកដ និងឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងការភាន់ច្រឡំក្នុងចំណោមសាធារណជន។

នៅក្នុងសំណុំរឿងឃាតកម្មដ៏សាហាវនេះដែរ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណចំពោះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបំបែកសំណុំរឿងជាពីរ ចំពោះករណីឧក្រិដ្ឋជន ស្រី ស៊ីណា។ ការបំបែកសំណុំរឿងជាពីរបែបនេះ នឹងនាំឱ្យឧក្រិដ្ឋជន ស្រី ស៊ីណា ទទួលរងទោសជាប់ពន្ធនាគាររយៈពេលវែង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោកស្រី ស៊ីណា ក្នុងសំណុំរឿងចំនួន ២ដាច់ពីគ្នា នៅក្នុងបទល្មើសចំនួន៣ រួមមាន៖ បទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធខុសច្បាប់។

នៅក្នុងសំណុំរឿងចំនួន២នេះ ជនល្មើសស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន២ដាច់ដោយឡែកពីគ្នាដែរ។ តាមមាត្រា ១៩៩ក្នុងក្រមព្រហ្មទណ្ឌ ជនល្មើសអាចជាប់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា២៧ និង មាត្រា១៩៩ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលជនល្មើស អាចជាប់ទោសដាក់ពន្ធនាគារពី ៦ខែទៅ២ឆ្នាំ។ ក្រសួងយុត្តិធម៌កម្ពុជាបានពន្យល់ថា ការមិនស្រូបទោសលើសំណុំរឿងទាំង ២នេះបញ្ជូលគ្នា គឺដើម្បីធានាដល់គោលការណ៍ «សមទណ្ឌោ» ទៅតាមច្បាប់កម្ពុជាចំពោះករណីបាញ់ប្រហារដ៏សាហាវនេះ។

គួរបញ្ជាក់ថា គោលការណ៍នៃការស្រូបទោសជាវិធានការមួយដែលគេប្រើក្នុងការប្រកាសទោសរួមនៃបទល្មើសត្រួតគ្នាក្នុងព្រំដែននៃអតិបរមាស្របច្បាប់ដែលត្រូវអនុវត្តលើបទល្មើសនីមួយៗ។ តាមក្រសួងយុត្តិធម៌ ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មីបន្ថែមដែលធ្វើឱ្យប្រែប្រួលអង្គហេតុ និងបទចោទប្រកាន់ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះមានសិទ្ធិអំណាចកែប្រែបទចោទប្រកាន់ទៅតាមនីតិវិធីច្បាប់បាន។ ទោះយ៉ាងណា ទម្ងន់ទោសលើអតីតឧកញ៉ា ស្រី ស៊ីណា នៅពេលនេះ មិនត្រឹមតែកំពុងដុតកំហឹងប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាក៏កំពុងបង្កឱ្យ មានក្តីបារម្ភរីកកាន់តែធំឡើងនូវនិទណ្ឌភាពនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង