ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ៖ ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តស្មារតីនៃកិច្ចសហការ ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាព ជាងមុនដោយគ្មានការគំរាមកំហែងពីគ្រាប់មីន

31

ភ្នំពេញ៖កម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តស្មារតីនៃកិច្ចសហការ និងការលះបង់រួមគ្នា ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាពជាងមុន ដោយគ្មានការគំរាមកំហែងពីគ្រាប់មីន។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែមិថុនា  ឆ្នាំ២០២៤  នៅWilton Park ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ក្នុងកម្មវិធីបិទកិច្ចពិភាក្សា កម្រិតនយោបាយ ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ។

           ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងកិច្ច ពិភាក្សាកម្រិតនយោបាយនៅ Wilton Park ដែលចូលរួមយ៉ាងសកម្ម និងប្តេជ្ញាចិត្តឥតងាករេចំពោះគោលដៅរួម ដើម្បីពិភពលោកមួយដែលគ្មានមីន ហើយ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ការជួបជុំនេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីការលះបង់រួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវភាពរឹងមាំនៃភាពជាដៃគូសកល ផងដែរ។

     ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា តាមរយៈការពិភាក្សារយៈពេល ០៣ថ្ងៃនេះ ចាប់ពីថ្ងៃទី២៤-២៦ ខែមិថុនា ឆ្នាំ២០២៤ បានពិនិត្យយ៉ាងហ្មត់ចត់អំពីស្ថានភាពនៃផែនការសកម្មភាពអូស្លូ ដោយកំណត់បញ្ហាប្រឈម ឱកាសខាងមុខ និងការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរួម។ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តរួមគ្នាបង្កើតអនុសាសន៍ណែនាំដែលអាចអនុវត្តបានក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ដោយសង្កត់ធ្ងន់លើការសហការគ្នារវាងម្ចាស់ជំនួយ ដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហាប្រឈមក្នុងការអនុវត្ត និងការរាយការណ៍យ៉ាងទូលំទូលាយ ដើម្បីធានាបាននូវកិច្ចខិតខំប្រឹងប្រែង និងការ ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។

      ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តស្មារតីនៃការសហការ និងការលះបង់រួមគ្នា ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាពជាងមុន ដោយគ្មានការគំរាមកំហែងពីគ្រាប់មីន ហើយផែនការសកម្មភាពសៀមរាប-អង្គរ នឹងកសាងលើភាពជោគជ័យ និងមេរៀនបានពីផែនការសកម្មភាពអូស្លូ និងការពិភាក្សានៅ Wilton Park ដើម្បីធានាបាននូវវឌ្ឍនភាពបន្តឆ្ពោះទៅកាន់ពិភពលោកមួយដែលគ្មានមីន ៕

                        ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង